ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) របស់ម្ចាស់ផ្ទះពូល H គឺកម្ពុជា បានធ្លាក់ចេញពីវគ្គជម្រុះនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី 2020 AFC U-23 Championship ក្រោយប្រកួតចាញ់២លើកជាប់ៗគ្នា កាលពីពេលថ្មី ទោះបីជានៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ ខណៈលោកFelix Dalmas ដែលជាគ្រូបង្វឹកសម្លឹងឃើញចំណុចរីកចម្រើនរបស់កូនក្រុមជាច្រើន។
ប្រកួត២លើកមកនេះក្រុម U23 កម្ពុជា បានប្រកួតចាញ់ក្រុមអូស្ត្រាលី ៦ទល់០ និងបន្តចាញ់ក្រុមកូរ៉េខាងត្បូង ៦ទល់១។ សម្រាប់ប្រកួតបន្តបិទពូលដែលនៅសល់គឺក្រុមកម្ពុជា ត្រូវប៉ះក្រុមបាតតារាងតៃវ៉ាន់ នៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះលើទីលានពហុកីឡដ្ឋានជាតិ។ នៅថ្ងៃជាមួយគ្នានេះដែរក្រុមកូរ៉េខាងត្បូង ត្រូវប៉ះក្រុមអូស្ត្រាលី នៅវេលាម៉ោង៥ល្ងាចដើម្បីប្រជែងកៅអីកំពូលតារាង។
លោក Felix Dalmas គ្រូបង្វឹករបស់ក្រុមU23កម្ពុជា បានលើកឡើងថា «យើងជឿជាក់យ៉ាងច្បាស់ថាវាគឺជាដំណើរការ និងការរីកចម្រើន ហើយនៅក្នុងផ្នែកខ្លះនៃការប្រកួតអ្នកអាចឃើញនូវឧត្តមគតិ និងភាពជឿជាក់ របៀបដែលកីឡាករជឿជាក់ទៅលើការរៀបចំប្រព័ន្ធ និងការយល់អំពីប្រព័ន្ធ ជាពិសេសទោះបីជាយើងស្ថិតក្នុងដំណាក់កាលដែលមិនអនុគ្រោះ ដំណាក់កាលដែលពិបាក តែនៅពេលដែលយើងបង្ហាញយើងនៅតែជឿជាក់នូវអ្វីដែលយើងកំពុងធ្វើ ដែលនេះហើយពិតជាធ្វើឲ្យខ្ញុំមានមោទនភាព ពិតជាធ្វើឲ្យខ្ញុំរីករាយ»។
គ្រូបង្វឹកខាងលើបានបន្តថា «ខ្ញុំតែងតែនិយាយថា នេះគឺជាការប្រកួតមួយទៀតដើម្បីភាពរីកចម្រើន និងការកែលម្អ ហើយខ្ញុំគិតថា យើងអាចទទួលបាននូវរឿងជាច្រើន ដើម្បីរៀនសូត្រពីវា។ ដូច្នេះជារួម យើងអាចរកគ្រាប់បាល់បាន ខ្ញុំគិតថាវាជាបទពិសោធន៍ដ៏ល្អសម្រាប់កីឡាករ ក៏ដូចជាលទ្ធភាពដែលអាចធ្វើទៅបានក្រៅតែពីលទ្ធផល»។
វគ្គជម្រុះតាមពូលបឋម ក្នុងដំណើរឆ្ពោះទៅកាន់វគ្គចុងក្រោយនៅប្រទេសថៃ នាឆ្នាំ ២០២០ ខាងមុខមានពូល Aមានកាតា,អូម៉ង់,នេប៉ាល់,អាហ្វហ្គានីស្ថាន ពូល B មានប៉ាឡេស្ទីន,បារ៉ែន,បង់ក្លាដេស,ស្រីលង្កា ពូល C មានអ៊ីរ៉ាក់,អ៊ីរ៉ង់,តួរមេនីស្ថាន,យេម៉ែន ពូល D មានអារ៉ាប់ប៊ីសាអ៊ូឌីត,អារ៉ាប់រួម,លីប៉ង់,ម៉ាល់ឌីវ ពូល Eមានហ្សកដានី,ស៊ីរី,គីជីស្ថាន,គុយវ៉ែត ពូល F មានអ៊ូប៊ែគីស្ថាន,តាជីគីស្ថាន,ឥណ្ឌា,ប៉ាគីស្ថាន ពូល G មានកូរ៉េខាងជើង,ហុងកុង,សឹង្ហបុរី,ម៉ុងហ្គូលី ពូល H កូរ៉េខាងត្បូង,អូស្ត្រាលី,កម្ពុជា,តៃវ៉ាន់ ពូល I ជប៉ុន,មីយ៉ាន់ម៉ា,ទីម័រខាងកើត,ម៉ាកាវ ពូល J ម៉ាឡេស៊ី,ចិន,ឡាវ,ហ្វីលីពីន និងពូល Kមានវៀតណាម,ថៃ,ឥណ្ឌូណេស៊ីនិងប្រ៊ុយណេ។
គួរដឹងដែរថា វគ្គជម្រុះ AFC-U23 មានចំនួន១០ពូល ហើយក្រុមជម្រើសជាតិចំនួន១៥ ត្រូវឆ្លងទៅកាន់វគ្គចុងក្រោយនៅឆ្នាំ២០២០ បូកជាមួយនឹងម្ចាស់ផ្ទះថៃ។ ព្រឹត្តិការណ៍ 2020 AFC-U23 ពោលគឺវគ្គចុងក្រោយនឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០៕
Source: Kampuchea Thmey Daily
0 Comments