ភ្នំពេញ ៖ កម្ពុជាប្តេជ្ញាខិតខំកសាងអគារសិក្សាថ្មីៗជាច្រើនទៀតនៅគ្រប់ច្រកល្ហកនៅទូទាំងប្រទេសពិសេសនៅតាមតំបន់ព្រំដែននិងតំបន់ជួបការលំបាកដើម្បីបង្ខិតសាលារៀនឲ្យទៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ។
លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថា ការកសាងអគារសិក្សាថ្មីៗបន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបច្ចុប្បន្នមានសិស្សចំនួន៣ ៥៦៧ ១០៥ នាក់ ស្រី ១ ៧៦៦ ៣៧៩ នាក់ ស្មើនឹង ៤៩,៥ ភាគរយ នៅគ្រប់ភូមិសិក្សាសាធារណៈនិងឯកជនចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០១៧ ២០១៨និងទិសដៅឆ្នាំសិក្សា២០១៨ ២០១៩នៅព្រឹកថ្ងៃទី២៥មីនានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រោមអធិបតីភាពលោកកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ការមានសាលារៀនគ្រប់គ្រាន់នឹងជួយធ្វើឲ្យសិស្សានុសិស្សអាចមានលទ្ធភាពទទួលបាននូវការសិក្សាគ្រប់ៗគ្នានិងពេញមួយជីវិតស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡា។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បច្ចុប្បន្ននេះនៅទូទាំងប្រទេសមានសាលាមត្តេយ្យសិក្សានិងសាលារៀនចំណេះទូទៅទាំងសាធារណៈនិងឯកជនសរុបជាង១ម៉ឺន៤ពាន់ក្នុងនោះមានសាលាមត្តេយ្យសិក្សាជិត៥ពាន់សាលាបឋមសិក្សាជាង៧ពាន់៧រយសាលា អនុវិទ្យាល័យជាង១ពាន់៣រយសាលានិង វិទ្យាល័យមានជិត៧រយសាលា។ ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១២៥ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន៧ដែលមាននិស្សិតសរុបចំនួន២១១ ៤៨៤ នាក់ ស្រី ៩៨ ៦៣០ នាក់ ស្មើ៤៦,៣ ភាគរយ ក្នុងនោះនិស្សិតបរទេសអាហារូបករណ៍ ១៤៨ នាក់ ស្រី ៦០ នាក់ ស្មើ ៣៧,៩៧។
ដោយឡែកគិតមកដល់ខែ កញ្ញា ឆ្នាំ ២០១៨កន្លងទៅនេះសំណង់អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សរុប ចំនួន ៨ ៣១០ខ្នង ស្មើ ២៦ ៥៣៨ បន្ទប់។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រជាពិសេស សិស្សនា ជាដើម បានបង្កលក្ខណៈឲ្យកុមារមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំ។
ជាក់ស្តែងបច្ចុប្បន្ន កុមារអាយុ៥ឆ្នាំបានចូលរៀននៅមត្តេយ្យសិក្សាគ្រប់រូបភាព ៦៣,១ ភាគរយ កុមារី៦៣.៦ ភាគរយ។ អត្រាពិតនៃការសិក្សានៅបឋមសិក្សាសាធារណៈនិងឯកជនមាន ៩៨,០ ភាគរយ (ស្រី៩៨,៨ ភាគរយ) ស្ថិតក្នុងស្តង់ដានិងក្នុងកម្រិតប្រហាក់ប្រហែលប្រទេសក្នុងតំបន់។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រៅពីការសាងសង់អគារសិក្សាក្រសួងក៏មានការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រដើម្បីបង្កលក្ខណៈឲ្យកុមារមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំផងដែរ។
គួរបញ្ជាក់ថា សន្និបាតអប់រំយុវជន និងកីឡាដែលមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះគឺផ្តោតសំខាន់ទៅលើការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំយុជននិងកីឡាក្នុងនោះរួមមាន ការគ្រប់គ្រងតាមសាលារៀន ការលើកកម្ពស់ប្រសិទ្ធភាពគុណភាពអប់រំ វិធានការអនុវត្តវិធីសាស្ត្របង្រៀនក្នុងបរិបទថ្មី ការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតនិងការឈានឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments