ភ្នំពេញ ៖ ពាក់ព័ន្ធរឿងអយុត្តិធម៌សង្គម ដែលកំពុងកើតមាននៅក្នុងកម្ពុជាបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់បញ្ហាមួយចំនួនដែលកើតឡើងថ្មីៗនេះ ដែលមានកូនមេប៉េអិម ខេត្តក្រចេះ វាយគេនិងយកកាំភ្លើងភ្ជង់គំរាមគេដោយខុសច្បាប់ និង មន្ត្រីប៉ូលិសបាញ់សម្លាប់មនុស្សដែលគ្មានអាវុធនៅក្នុងដៃ ដោយគ្រាន់តែសង្ស័យថា ជាចោរលួចឡាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដោយសម្តេចបានព្រមានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ថានឹងប្រឈមមុខបាត់បង់តំណែងតួនាទីរបស់ខ្លួនប្រសិនបើមិននាំកូនប្រុសឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។
គួរបញ្ជាក់ថា កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះបានប្រើហិង្សាដោយដាល់និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៊ិនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ក្រៅពីដាល់និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះថែមទាំងបានដកកាំភ្លើងភ្ជង់លើយុវជនពីររូបនោះថែមទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ផ្តាំទៅមេប៉េអិមខេត្តក្រចេះផង បញ្ចុះបញ្ចូលកូនឲ្យមកតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ ប៉ុន្តែបើស្រឡាញ់កូនពេកអ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិបណ្តេញចោលតែប៉ុណ្ណឹង»។
ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសូមចូលរួមរំលែកទុកជាមួយក្រុមគ្រួសារនៃសពដែលត្រូវបានមន្ត្រីប៉ូលិសបាញ់សម្លាប់នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបាញ់អ្នកបើករថយន្តនោះ គឺជាកូនប្រុសនគរបាលជាន់ខ្ពស់មួយរូបហើយសម្តេចបញ្ជាឲ្យនគរបាលរូបនោះនាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះ មកដោះស្រាយតាមច្បាប់ជាបន្ទាន់បើមិនដូច្នេះទេនឹងត្រូវអស់តំណែងផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារសពអ្នកបើករថយន្តដែលគេចោទថា ជាចោរលួចឡាន។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យចាប់បានម្នាក់ហើយ នៅសល់ម្នាក់ទៀត។ បើទោះបីវាជាចោរមែនក៏ដោយប៉ុន្តែនៅពេលយើងតាមវាជាប់ហើយ ត្រូវចាប់វា អត់ត្រូវបាញ់អីចឹងទេ តែនេះហេតុអីបានជាធ្វើដល់ថ្នាក់បែបហ្នឹង ខ្ញុំមិនយល់ទេ ហេតុអីបានវាទៅអីចឹង។ ឥឡូវចាប់បានមួយហើយនៅសល់មួយទៀតរឿងអស់នេះត្រូវប្រយ័ត្នប្រយែងប្រតិបត្តិការកាត់សេចក្តីដោយអាវុធមិនមែនជាជម្រើសល្អទេ»។ សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា «តាមដឹងអ្នកដែលបាញ់នោះ គឺជាកូនមេប៉ូលិសទៀតផង ហើយមេប៉ូលិសនោះត្រូវតែតាមរកប៉ូលិសដែលបាញ់នោះឲ្យឃើញបើមិនអីចឹងទេ ទៅទាំងមេប៉ូលិសនេះ (ដកតំណែង)»។
ម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជារឿងអយុត្តិធម៌មួយចំនួននៅក្នុងសង្គម មិនគួរកើតបែរជាបណ្តោយឲ្យកើតមានទៅកើត ដូចជាករណីបាញ់សម្លាប់ក្រុមជនសង្ស័យលួច រថយន្តនៅឯខេត្តព្រៃវែងជាដើម វាលើកដៃសំពះហើយហេតុអីនៅតែបាញ់សម្លាប់ទៀត។ សម្តេចបន្តថារឿងទាំងអស់នេះហើយ ដែលយើងត្រូវគិតទោះបីមានអំណាចបុណ្យស័ក្តិយ៉ាងណាក៏ដោយធាតុជាមនុស្សត្រូវតែមានគុណធម៌ និង សីលធម៌ផងដែរ។ ចំពោះការបាញ់សម្លាប់នេះសម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាទង្វើខុសច្បាប់ ដែលជាសកម្មភាពមិនគួរគប្បីឡើយ។ សម្រាប់សម្ដេច ហ៊ុន សែន បានលើកឡើងថាករណីបាញ់សម្លាប់គេ នេះគឺស្មើនឹងការបំបាត់ភស្តុតាង។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយគេបានឃើញកម្លាំងនគរបាល និង ជាច្រើននាក់បានដេញតាមរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AF-2679។ ការដេញតាមរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាជនសង្ស័យក្នុងអំពើលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែងហើយត្រូវបានម្ចាស់រថយន្តប្តឹងមកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS។
តាមសេចក្តីរាយការណ៍នានាបានបង្ហាញថា មូលហេតុមកពីជនរងគ្រោះ ទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើមបានយករថយន្តនោះទៅជួលឲ្យជនជាតិចិនធ្វើឲ្យអ្នកទិញខឹង រហូតបានស្កាត់ទៅយករថយន្តពីជនជាតិចិនទាំងទទឹងទិសរួចបើកមកស្រុកកំណើត។ ស្រាប់តែម្ចាស់ដើមស្រាវជ្រាវតាម GPS ដេញពីក្រោយប្ដឹងសមត្ថកិច្ចថាចោរៗ ទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តតែម្ដង ព្រោះស្មានថា ចោរលួចរថយន្តដូចពាក្យបណ្ដឹង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងរងរបួស ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយពីធ្វើការសាកសួរនិងស្រាវជ្រាវរួចមក កម្លាំងស្នងការខេត្តព្រៃវែង បានសម្រេចឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ឈ្មោះ ជឹម សាវុធ ដោយជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារទៅលើរថយន្តជនសង្ស័យ បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់បាត់បង់ជីវិត ដោយឡែកមន្ត្រីនគរបាលម្នាក់ទៀតលោក ជឹម រតនៈ នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេចដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ កំពុងរត់គេចខ្លួនបាត់។
ទាក់ទងទៅនឹងអំពើអយុត្តិធម៌ក្នុងសង្គមបែបនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់ទូរទស្សន៍ចាក់ផ្សាយឡើងវិញ រឿងភាគតុលាការមុខដែក(ប៉ាវចិន)ដោយសម្តេចយល់ថា នោះវាជាការល្អប្រសើរណាស់ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធតុលាការ និង ស្វែងរកយុត្តិធម៌ក្នុងសង្គមឲ្យបានល្អ។
សម្តេចបានមានប្រសាសន៍ថា ប្រសិនបើទូរទស្សន៍គ្រប់ប៉ុស្តិ៍ចាក់ផ្សាយរឿងភាគតុលាការមុខដែក (ប៉ាវចិន)មួយភាគៗ នៅរៀងរាល់យប់មុនចូលដេកគឺជាការល្អណាស់ព្រោះរឿងនេះបង្ហាញពីការស្វែងរកយុត្តិធម៌សង្គមជូនប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា «យើងចង់ធ្វើកំណែទម្រង់តុលាការរបស់យើងនិងចង់ស្វែងរកយុត្តិធម៌សង្គមអ៊ីចឹងចាក់រឿង ប៉ាវចិនឲ្យមើលតែម្តងទៅ...»។ អញ្ចឹងទេការកែទម្រង់តុលាការនិងការរកយុត្តិធម៌សង្គមទាមទារឲ្យយើងធ្វើការស្រាវជ្រាវយើងត្រូវសិក្សាអំពីរបៀបបំបែកក្តីដោយ យុត្តិធម៌។
សម្តេចតេជោ ហ៊ុន សែន ក៏បាននិទានពីឈុតឆាកដ៏អយុត្តិធម៌មួយនៅក្នុងរឿងតុលាការមុខដែក ដោយបង្ហាញអំពីចិត្តប្រែប្រួលរបស់បុរសម្នាក់ ដែលបានមកប្រឡងធ្វើមន្ត្រី ខណៈពេលដែលប្រពន្ធបានខិតខំរកលុយចិញ្ចឹមក្រុមគ្រួសារនិងផ្គត់ផ្គង់ប្តីបានរៀនសូត្រ រហូតប្រឡងជាប់ធ្វើមន្ត្រីធំ ប៉ុន្តែគួរឲ្យសោកស្តាយនៅពេលដែលបុរសនោះធ្វើមន្ត្រីធំ បានកុហកស្តេចថាខ្លួននៅកំលោះ ហើយក៏បានរៀបការក្លាយទៅជាព្រះរាជសន្និសា (កូនប្រសារស្តេច) ដើម្បីលាក់បាំងអតីតភាពរបស់ខ្លួនបុរសនោះថែមទាំងឲ្យមនុស្សទៅតាមសម្លាប់ប្រពន្ធខ្លួនបំបិទមាត់ទៀត ដែលចុងក្រោយនៃឈុតឆាកនេះបុរសម្នាក់នោះក៏ត្រូវបានប៉ាវចិន កាត់ទោសប្រហារជីវិត ដែលសូម្បីស្តេចក៏មិនអាចរារាំងបានដែរ៕
Source: Kampuchea Thmey Daily
0 Comments