ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះបានប្រកាសថា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានទទួលសម្បទាននយោបាយឡើងវិញអាចជួបជុំក្រុមអ្នកគាំទ្ររបស់ខ្លួន ប៉ុន្តែមិនអាចក្រោមរូបភាពគណបក្សដែលស្លាប់ទៅហើយនោះទេ។ ប្រមុខរាជរដ្ឋាភិបាលបានស្នើឲ្យអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈងាយស្រួលដល់អ្នកទាំងនោះក្នុងការជួបប្រជុំជាមួយសមាជិករបស់ខ្លួននៅតាមមូលដ្ឋាន។ ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនក៏បានព្រមានចំពោះអ្នកមិនទាន់ទទួលបាននីតិសម្បទានមិនអាចធ្វើសកម្មភាពបានឡើយ បើហ៊ានតែធ្វើសកម្មភាពនឹងប្រឈមមុខជាមួយផ្លូវច្បាប់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «អ្នកសុំសិទ្ធិធ្វើនយោបាយដទៃទៀតគេមានសិទ្ធិធ្វើនយោបាយជួបជុំក្រុមអ្នកគាំទ្រ ប៉ុន្ដែសូមបញ្ជាក់អាបក្សមួយដែលស្លាប់ទៅហើយ គេមិនត្រូវធ្វើសកម្មភាពតាមរូបភាពបក្សនេះទេអត់បានទេ។ ប៉ុន្ដែគេអាចជួបជាមួយអតីតអ្នកគាំទ្របក្សហ្នឹង ក្នុងទម្រង់ណាមួយរឿងរបស់គេ ប៉ុន្ដែទម្រង់ងាប់ទៅហើយនេះវាអត់រស់ឡើងវិញទេអញ្ចឹងសូមបង្កលក្ខណៈលើបញ្ហានេះ»។
សម្ដេចតេជោបានបន្ដទៀតថា «ប៉ុន្ដែសូមជម្រាបដែរអ្នកដែលមិនបានទទួលនីតិសម្បទានខាងនយោបាយទេអ្នកឯងធ្វើសកម្មភាពគឺខុសច្បាប់ ខ្ញុំត្រូវតែចាត់ការអ្នកឯងហើយ។ ពីរចែកឲ្យដាច់ពីគ្នា មួយអ្នកបានទទួលសិទ្ធិធ្វើនយោបាយ មួយទៀតអ្នកដែលមិនបានទទួលសិទ្ធិធ្វើនយោបាយ តាមសាលដីកាតុលាការកំពូល ហើយបើអ្នកធ្វើឲ្យចលនាខុសច្បាប់ និងបក្សខុសច្បាប់ អាហ្នឹងទោសកាន់តែធ្ងន់ធ្ងរ គឺការប្រឆាំងសាលដីកាតុលាការកំពូល»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាល់បុគ្គលជាប់បំរាមទាំងឡាយណា ដែលមិនស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទេនោះ ត្រូវតែរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ បានមានសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានក៏បានធ្វើការប្រៀបធៀបបញ្ហាមួយចំនួននៅក្នុងបរិបថនយោបាយខុសៗគ្នារបស់ប្រទេសនីមួយៗ ដោយសម្តេចបានលើកឡើងប្រទេសកម្ពុជាបានរំលាយគណបក្សនយោបាយមួយ ដែលបានធ្វើសកម្មភាពខុសច្បាប់មុនពេលបោះឆ្នោតមួយឆ្នាំ ប៉ុន្ដែប្រទេសថៃវិញបានរំលាយគណបក្សនយោបាយក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតតែម្ដង ដូច្នេះហើយប្រទេសដទៃដែលពូកែវាយតម្លៃលើបញ្ហានេះ គិតយ៉ាងដូចម្ដេចដែរ? នៅពេលដែលយើងមានការប្រៀបធៀបជាមួយប្រទេសផ្សេងគេបែរជាលើកឡើងថា នេះជាបរិបថនយោបាយរបស់ប្រទេសនីមួយៗ ចុះកម្ពុជាធ្វើក៏ជាបរិបថ នយោបាយរបស់កម្ពុជា ហេតុអីត្រូវខុស ? តើវាមានស្តង់ដារប៉ុន្មាន?
សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់ទីកន្លែងទាំងអស់ជួយសម្រួលដល់អ្នកដែលបានសិទ្ធិធ្វើនយោបាយឡើងវិញមានឱកាសធ្វើនយោបាយពិតប្រាកដតាមរយៈការជួបជុំនៃអ្នកគាំទ្រ ឬតាមមធ្យោបាយផ្សេងៗទៀត ដែលត្រូវទៅតាមច្បាប់។ ក៏ប៉ុន្តែសម្តេចក៏បានព្រមាន ជាថ្មីទៀតចំពោះគណកម្មការចំពោះកិច្ចដែលបង្កើតឡើងដើម្បីរើសមនុស្សតាមឃុំ ទៅទទួល អតីតមេបក្ស ប្រឆាំងថាប្រសិននៅតែធ្វើនឹងត្រូវវ៉ៃខ្នោះ ព្រោះវាខុសនឹងច្បាប់។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់អតីតមេគណបក្សប្រឆាំងដែលកំពុងនិរទេស នៅក្រៅប្រទេសថា បើទណ្ឌិត សម រង្ស៊ី ចូលមកកម្ពុជាក៏មិនដឹងថាចូលមកតាមច្រកព្រំដែននៃប្រទេសណានោះទេ ព្រោះទណ្ឌិតរូបនេះ មិនត្រូវគ្នាជាមួយវៀតណាម និងឡាវ។ សម្តេចបន្តថា ចូលកម្ពុជាតាមព្រំដែនថៃនោះរឹតតែមិនអាចឡើយព្រោះថៃគេនឹងមិនអនុញ្ញាតឲ្យជនក្បត់ជាតិនៃប្រទេសផ្សេង ប្រើប្រាស់ទឹកដីគេដើម្បីឲ្យជននោះធ្វើរឿងខុសច្បាប់ឡើយ អញ្ចឹងកុំសង្ឃឹម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានចំពោះលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ ដែលបានព្យាយាមរារាំងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យសុំសិទ្ធិនយោបាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសំដៅទៅលោក កឹម សុខា ថា «មានអ្នកខ្លះ ជាប់ឃុំក្នុងផ្ទះនៅឡើយទេ តែព្រមានគេមិនឲ្យសុំសិទ្ធិនយោបាយ។ ចាំតែរួចខ្លួនតើខ្ញុំមិនឲ្យរួចខ្លួនទេ។ ឲ្យតែតុលាការកាត់ [ទោស] ហើយគ្មានរញ៉េរញ៉ៃទេ»។
សូមបញ្ជាក់ថា មកទល់ពេលនេះ គឺមានអ្នកនយោបាយបក្សប្រឆាំងចំនួន៩រូបហើយដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនៅក្នុងចំណោមអ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ដែលត្រូវបានហាមឃាត់ធ្វើនយោបាយ៥ឆ្នាំ បន្ទាប់ពីច្បាប់ស្តីពីការផ្តល់សិទ្ធិនយោបាយដល់ក្រុមប្រឆាំងឡើងវិញ ត្រូវបានប្រកាសឲ្យប្រើកាលពីខែមករាកន្លងទៅនេះ៕
Source: Kampuchea Thmey Daily
0 Comments