ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអំពាវនាវឲ្យរោងចក្រ W&D (Cambodia) Co., Ltd.ទទួលយកកម្មករកម្មការិនីចូលធ្វើការវិញ។ ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីរោងចក្រW&D បានបណ្ដេញកម្មករកម្មការិនី ប្រមាណជាង ១០០នាក់ មិនឲ្យចូលធ្វើការក្រោយពួកគេធ្វើកូដកម្មទាមទារបើកប្រាក់អតីតភាពផ្តាច់តែម្តង។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនានេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនៅវិទ្យាស្ថានជាតិអប់រំដែលនៅមិនឆ្ងាយពីកន្លែង ដែលកម្មករជាង១០០នាក់ បានកំពុងធ្វើការជួបជុំគ្នាសុំឲ្យសម្តេចជួយអន្តរាគមន៍ឲ្យបានចូលធ្វើការងារនៅរោងចក្រវិញ។
តាមរយៈកិច្ចអន្តរាគមន៍ជាសាធារណៈដើម្បីឲ្យថៅកែរោងចក្រ W&D បើកទ្វារទទួលយកកម្មករ កម្មការិនីប្រមាណជា១០០នាក់ ក្នុងចំណោមអ្នកធ្វើកូដកម្ម១.៨០០នាក់ ឲ្យចូលធ្វើការវិញសម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកឲ្យក្រុមកម្មករកម្មការិនីមិនត្រូវទាមទារហួសហេតុពេកទេនៅពេលដែលខ្លួនអាក់ខានមិនបានបំពេញការងារសោះ ហើយបែរជាទាមទារបើកប្រាក់ខែនោះវាគឺជាការហួសហេតុពេកហើយ។
បើតាមសម្តេចតេជោ ហ៊ុន សែន កូដកម្មមិនមែនជាដំណោះស្រាយហើយការបណ្ដេញកម្មករ កម្មការិនី ក៏មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាដែរ។ ដូចនេះសម្តេចបានស្នើឲ្យភាគីទាំងពីរផ្ដល់ភាពកក់ក្ដៅទៅវិញទៅមករវាងថៅកែនិងកម្មករ។
ជុំវិញសំណុំរឿងនេះ កាលពីសប្ដាហ៍មុនសម្តេចតេជោ ហ៊ុន សែន បានស្នើលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាប្រាប់ក្រុមកម្មករឈប់ធ្វើកូដកម្មទាមទារបើកប្រាក់អតីតភាពសរុបក្នុងពេលតែមួយ ព្រោះការទាមទារនេះជាទង្វើខុសច្បាប់ខណៈច្បាប់ការងារតម្រូវឲ្យបើកប្រាក់ អតីតភាពការងារ៦ខែម្ដង។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាស្វាគមន៍ចំពោះកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលអំពាវនាវឲ្យរោងចក្រW&D ទទួលយកកម្មករកម្មការិនីចូលធ្វើការវិញ។ បើតាមលោក អាត់ធន់កន្លងមកក្រសួងការងារធ្លាប់ចរចាជាមួយរោងចក្រដែរតែខាងរោងចក្រនៅតែមិនទទួលកម្មករចូលធ្វើការងារវិញទេ។ ចូលធ្វើការវិញបានលុះត្រាជាកម្មករថ្មីដែលប្រឈមនឹងការបាត់បង់ប្រាក់អតីតភាពដែលចំណុចនេះហើយធ្វើឲ្យក្រុមកម្មករមិនសុខចិត្ត។
គួររំឭកថា ដំបូងឡើយកម្មករ កម្មការិនី១.៨០០នាក់ ធ្វើការនៅរោងចក្រ W&D ស្ថិតនៅខណ្ឌមានជ័យ បានធ្វើកូដកម្មកាលពីចុងឆ្នាំ២០១៨ និងបានហែញត្តិយកទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំកិច្ចអន្តរាគមន៍ស្នើសុំបើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ឲ្យអស់សិន មុននឹងអនុវត្តច្បាប់ថ្មី ដែលនឹងត្រូវបើកប្រាក់អតីតភាពរៀងរាល់៦ខែម្ដង។ ក្នុងនោះដែរបញ្ហាអូសបន្លាយមកដល់ពេលនេះ គឺក្នុងចំណោមអ្នកតវ៉ា១.៨០០នាក់ នៅសល់តែជាង១០០នាក់ទៀត ដែលថៅកែរោងចក្រមិនទទួលយកធ្វើការវិញ។
នៅក្នុងពិធីដដែលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានប្រកាសអំពាវនាវជាថ្មីទៅដល់អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវបន្តចុះដោះស្រាយបញ្ហាខ្វះខាតទឹកជូនប្រជាពលរដ្ឋបើទោះបីជាបច្ចុប្បន្នមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។
ត្រង់ចំណុចនេះ សម្ដេចតេជោក៏បានលើកឡើងពីរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមផងដែរថា នៅវេលាយប់មិញមានភ្លៀងធ្លាក់នៅតំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកឯខេត្តដែលមានភ្លៀងធ្លាក់ច្រើនជាងគេមាននៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។ សម្តេចបន្តថា ស្ថានភាពនេះអាចមានទឹកហូរទៅចូលអាងវារីអគ្គិសនីនៅតំបន់កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺផងដែរ។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបន្តថា ភ្លៀងនេះក៏ប្រហែលមិនច្រើនទេ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវខិតខំត្រងទឹករក្សាទុក ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក។
សម្ដេចបានបញ្ជាក់ថា បញ្ហាអាកាសធាតុក្ដៅក្នុងរយៈពេលប៉ុន្មានខែនេះ (ឥទ្ធិពលអ៊ែលនីណូ) មិនមែនបណ្ដាលមកពីការដឹកនាំរបស់សម្ដេចដូចការលាបពណ៌នោះទេ វាគឺជាគ្រោះធម្មជាតិដែលអ្នកណាៗក៏មិនអាចប្រកែកបានឡើយ គឺមានតែការរួបរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននោះទេតួយ៉ាងដូចជាបញ្ហាខ្វះខាតទឹកប្រើប្រាស់នេះជាដើម៕
Source: Kampuchea Thmey Daily
0 Comments