Ad Code

AFC U23 ៖​ គ្រូ​កម្ពុជា​ថា​កូនក្រុម​រីកចម្រើន ខណៈ​គ្រូ​ខាង​តៃវ៉ាន់ មិន​ខកចិត្ត​ដែល​ប្រកួត​ស្មើគ្នា​ជាមួយ​ម្ចាស់ផ្ទះ



ប្រកួត​ប្រចាំ​ពូ​ល H នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ជើងឯក​ទ្វីបអាស៊ី AFC U23 Championship 2020 បាន​បញ្ចប់​រួចរាល់​ហើយ ខណៈ​ប្រកួត​បិទ​ពូ​ល​នេះ​ក្រុមយុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​តៃវ៉ាន់ (​ឆាយ​នី​ស​តៃប៉ិ​) ដោយ​លទ្ធផល​១​ទល់​១ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២៦ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។



ការប្រកួត​ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​ជនជាតិ​អារ៉ាប់​ប៊ី​សា​អូឌីត Mohammed Al-Hoish ដែល​មាន​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ប្រមាណ​ជា​១,៦៦២​នាក់ កីឡាករ ស៊ិន កក្កដា របស់​កម្ពុជា​បាន​រក​គ្រាប់​បាល់​នាំមុខ​១​គ្រាប់​នៅ​នាទី​ទី​៤០ មុន​ចប់​តង់​ទី​១ ខណៈ​នៅ​ដើមតង់​ទី​២​ពោលគឺ​នៅ​នាទី​៥៧ កីឡាករ Ponder បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​។ លទ្ធផល​១​ទល់​១ នេះ​បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​។



​លោក​Canhun Von គ្រូបង្វឹក​របស់​ក្រុម​តៃវ៉ាន់ បាន​លើក​ឡើង​ក្រោយ​ចប់​ការប្រកួត​នេះ​ថា «ពិត​ណាស់ យើង​បាន​និយាយ​តាំង​ពី​ដើម​មក យើង​ព្យាយាម​ក្នុង​ការ​ប្រកួត​នេះ​គឺ​ដើម្បី​ឈ្នះ ប៉ុន្តែ​លទ្ធផល​មិន​ដូច​អ្វី​ដែល​យើង​ចង់បាន ប៉ុន្តែ​ខ្ញុំ​គិតថា​យើង​បាន​ព្យាយាម​បង្ហាញថា យើង​នៅតែ​ប្រឹងប្រែង​រហូតដល់​ទី​បញ្ចប់ ដូច្នេះ​មិន​មាន​ការ​ស្ដាយក្រោយ​ឡើយ ហើយ​ខ្ញុំ​គិតថា​សម្រាប់​បាល់ទាត់​ប្រចាំ​តំបន់​មួយ​នេះ​នឹង​នាំ​ឲ្យ​ទស្សនិកជន​រីករាយ​ក្នុងការ​ទស្សនា​»​។ ​លោក​ពិតជា​រីករាយ​ជាមួយនឹង​ទម្រង់​លេង​របស់​កូនក្រុម បើទោះបីជា​លទ្ធផល​ពុំសូវល្អ​ក៏ដោយ និង​ពិតជា​យុ​ត្តិ​ធម៌​សម្រាប់​ក្រុម​ទាំងពីរ​។

​ចំណែក​លោក Felix Dalmas គ្រូបង្វឹក​របស់​ក្រុម​កម្ពុជា វិញ​បាន​លើក​ឡើង​ថា «​វា​គឺ​ប្រសើរ ប៉ុន្តែ​ខ្ញុំ​ពិតជា​ជឿជាក់​ថា ប្រភេទ​នៃ​បាល់ទាត់​ដែល​យើង​ចង់​លេង វា​មិន​ងាយស្រួល​នោះ​ទេ វា​ត្រូវការ​ភាព​ក្លាហាន វា​ត្រូវការ​ឆន្ទៈ ត្រូវការ​ការគិត ត្រូវការ​ជំនាញ និង​វា​ត្រូវការ​ពេលវេលា ប៉ុន្តែ​យើង​ជឿជាក់​ថា នេះ​គឺ​វា​ជា​ដំណើរ​ដែល​បោះជំហាន​ទៅមុខ ហើយ​វា​ចាប់ផ្ដើម​ជាមួយ​អ្នកគាំទ្រ កីឡាករ ភាព​ជឿជាក់ និង​ព្យាយាម​។​»

ដៃស្តាំ​របស់ Honda Keisuke «​ថ្ងៃនេះ​យើង​មាន​ប្រព័ន្ធ​ចំនួន ២​នៅលើ​ទីលាន ខ្ញុំ​ជឿជាក់​សម្រាប់​ការប្រកួត យើង​អាច​គ្រប់គ្រង​បាន និង​ធ្វើ​រឿង​ល្អៗ​បាន តែ​ទោះបីជា​យ៉ាងណា យើង​មិនអាច​ធ្វើបាន​នូវ​ការគ្រប់គ្រង​មកវិញ ដែល​នេះ​គឺជា​ជំហាន​បន្ទាប់​របស់​យើង​ដើម្បី​រក​ភាព​រីកចម្រើន ទាំង​ជា​ក្រុម និង​ទាំង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​កីឡាករ​»​។



សូម​បញ្ជាក់​ថា ​ក្រុម​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពូ​ល H ជាមួយ​យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ​។ កាលពី​ឆ្នាំ ២០១៧ កន្លងទៅ​កម្ពុជា ធ្លាប់​បាន​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 នេះ​ម្តង​ហើយ ដោយ​កាលនោះ​ជួប​ជាមួយ ចិន​, ជប៉ុន និង ហ្វីលីពីន តែ​មិន​មានឱកាស​ឆ្លង​ផុត​វគ្គ​នេះឡើយ​។

សរុប​ចំណាត់ថ្នាក់​ដែល​ប្រកួត​កន្លងមក​ឃើញថា​ថ្ងៃ​ដំបូង​ក្រុម​កូរ៉េខាងត្បូង ឈ្នះ​តៃវ៉ាន់ ៨​ទល់​០ ហើយ​អូស្ត្រាលី ឈ្នះ​កម្ពុជា ៦​ទល់​០ ថ្ងៃទី​២ តៃវ៉ាន់ ចាញ់​អូស្ត្រាលី ៦​ទល់​០ ហើយ​កម្ពុជា ចាញ់​កូរ៉េខាងត្បូង ៦​ទល់​១ និង​ថ្ងៃ​ចុងក្រោយ​អូស្ត្រាលី ស្មើគ្នា​ជាមួយ​កូរ៉េខាងត្បូង ២​ទល់​២ ខណៈ​កម្ពុជា​ស្មើគ្នា​ជាមួយ​តៃវ៉ាន់ ១​ទល់​១​។ សរុប​ចំណាត់ថ្នាក់​វិញ​ក្រុម​កូរ៉េខាងត្បូង ឈរ​លេខ​១​មាន​៦​ពិន្ទុ តែ​ឈ្នះ​គ្រាប់​បាល់​ក្រុម​ចំណាត់ថ្នាក់​ទី​២​កូរ៉េខាងត្បូង ដែលមាន​៦​ពិន្ទុ​ដូចគ្នា ហើយ​កម្ពុជា ឈរ​លេខ​៣​មាន​១​ពិន្ទុ ស្មើនឹង​ក្រុម​បាត​តារាង​តៃវ៉ាន់​តែ​ខុស​គ្រាប់​បាល់​ផល​សង​។ ជារួម​ក្រុម​កូរ៉េខាងត្បូង និង​អូស្ត្រាលី ដឹក​ដៃ​គ្នា​ទៅ​វគ្គ​បន្ទាប់​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​ដើម​ខែ​ឆ្នាំ២០២០ខាងមុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu