Ad Code

សុំ​ទារក​ស្រី​ពី​គេ​មក​ចិញ្ចឹម​ធ្វើជា​កូនបង្កើត ពេល​ពេញវ័យ​បែរជា​ចាប់​នាង​រំលោភ​ម្តាយ​ឈឺចាប់​នាំ​កូន​មកប្តឹង​ប៉ូលិស



ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ចាប់រំលោភ​សេ​ពស​ន្ថវៈ​មក​លើ​កូនស្រី​ចិញ្ចឹម​របស់​ខ្លួន​ជា​ញឹកញយ​ដោយ​គំរាម​សម្លាប់ ចុងក្រោយ​នាង​បាន​ប្រាប់​ម្តាយ ​ហើយ​ម្តាយ​របស់​នាង​ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​មក​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ស្មោកគ្រោក​នេះ​ បាន​កើតឡើង​ចុងក្រោយ ​កាលពី​យប់​ថ្ងៃទី​២៦ ខែមីនា​​ឆ្នាំ​២០១៩ នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ឪពុក​ដែល​រង​ការចោទប្រកាន់​ក្នុងការ​រំលោភ​លើ​កូន​ខ្លួនឯង​ខាងលើ ឈ្មោះ ភា សាម៉ុន ហៅ​ម៉ុ​ន អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រស់នៅ​ជាមួយ​ប្រព​ន្ធកូន​។

ប៉ូលិស​និយាយ​ថា តាម​ចម្លើយ​សាកសួរ មុន​កើតហេតុ​កាលពី​អំឡុង​ឆ្នាំ​២០០២ ​ជនសង្ស័យ​ឈ្មោះ ភា សាម៉ុន និង​ប្រព​ន្ធ​ឈ្មោះ ឡាយ សា​រ៉ុ​ម បាន​ទៅសុំ​កូនក្មេង​ស្រី​(​ទារិកា​)​ពី​គេ​យក​មក​ចិញ្ចឹម​ដោយ​ទៅ​សុំ​អាជ្ញាធរ​ចុះបញ្ជី​កំណើត​ធ្វើជា​កូន​បង្កើត​របស់​ពួកខ្លួន ដោយ​ដាក់ឈ្មោះ ភា យ៉ាយ៉ា។

នៅពេល​កូនស្រី​នោះ​ពេញវ័យ​មាន​អាយុ​១៦​ឆ្នាំ នៅ​ថ្ងៃមួយ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ឈ្មោះ ភា សាម៉ុន ជា​ឪពុក​នាំ​នាង​ទៅ​នេសាទ​ត្រី​នៅ​ទំនប់​កប់​ស្រូវ ឆ្លៀតឱកាស​ស្ងាត់​ល្អ បុរស​ជា​ឪពុក​បាន​ចាប់​នាង​រំលោភ​បានសម្រេច ដោយ​គំរាម​សម្លាប់​នាង​បើសិនជា​ហ៊ាន​និយាយ​រឿង​រំលោភ​នេះ​ទៅប្រាប់​អ្នកណាម្នាក់​នោះ​។

តាម​ការ​ផ្តល់​ចម្លើយ​របស់​នាង​បាន​បញ្ជាក់​ថា ក្រោយមក​ឪពុក​ចិញ្ចឹម​របស់​នាង​បាន​ចាប់​នាង​រំលោភ​ជាច្រើន​ដង ជូន​នៅពេល​យប់​ជូន​នៅពេល​ម្តាយ​នាង​មិន​នៅ​ផ្ទះ​។

នៅ​ថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​កន្លះ​ព្រឹក​ឪពុក​របស់​នាង​បាន​មក​ចាប់​នាង​រំលោភ​នៅ​លើ​ផ្ទះ​ ខណៈ​ដែល​នាង​កំពុង​ដេក​មើល​ទូរទស្សន៍​ ហើយ​ម្តាយ​នាង​មិន​នៅផ្ទះ​ទៅ​ផ្សារ​។ នៅ​ក្នុង​ពេល​ចាប់រំលោភ​នោះ​បុរស​ជា​ឪពុក​បាន​គំរាម​សម្លាប់​នាង​បើ​ហ៊ាន​តែ​ស្រែក​ឲ្យគេ​ដឹង នៅ​គ្រានោះ​នាង​ក៏បាន​ខាំ​ដៃ​របស់​ឪពុក​យ៉ាង​ខ្លាំង ​ទើប​រើ​បម្រាស់​រួច​រត់​ចេញទៅ​ក្រៅ​ផ្ទះ​គេចខ្លួន​ពី​ការ​ចាប់រំលោភ​នេះ​បានសម្រេច​ម្តង​។ នៅ​វេលា​យប់​ថ្ងៃ​ដដែល​នោះ​ ខណៈ​ដែល​បុរស​ជា​ឪពុក​នាង​មិន​នៅផ្ទះ​ នាង​ក៏បាន​និយាយ​ដំណើរ​រឿង​នេះ​ប្រាប់​ម្តាយ​តាំងពីដើម​រហូតដល់​ចប់​ធ្វើ​ឲ្យ​ម្តាយ​ឈឺចាប់​ជំនួស​នាង​ពន់ពេក​។

​នៅ​ព្រឹកស្អែក​ឡើង ថ្ងៃទី​២៧ ស្ត្រី​ឈ្មោះ ឡាយ សា​រ៉ុ​ម ជា​ម្តាយចិញ្ចឹម ក៏បាន​ដឹក​ដៃ​កូនស្រី​ទៅ​ប៉ុ​ស្តិ៍​ប៉ូលិស​ដាក់ពាក្យ​ប្តឹង​ភ្លាមៗ​នោះ​ ប៉ូលិស​ក៏បាន​តាម​ចាប់ខ្លួន​បុរស​ជា​ឪពុក​យក​មក​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu