Ad Code

ស្ថានទូត​បារាំង នឹង​រៀបចំ​ការ​តាំងពិព័រណ៍​ផលិតផល​បារាំង​អ​មដោយ​កម្មវិធី​កម្សាន្ត​ជាច្រើន​



ភ្នំពេញ ​៖ សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា ដោយ​រួម​សហការ​ជាមួយ​ស្ថានទូត​បារាំង និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា នឹង​រៀបចំ​ការ​តាំងពិព័រណ៍​ផលិតផល​បារាំង​អម​ដោយ​កម្មវិធី​កម្សាន្ត​ជាច្រើន​។

​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ ដើម្បី​បិទ​បញ្ចប់​«​កម្មវិធី​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​»​ ហើយ​ពិធី​បើក​ផ្សារ​បារាំង​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា​ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ព្រឹក ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទួត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​កាលពី​ថ្ងៃទី​២៧​ខែមីនា​ ឆ្នាំ​២០១៩ ​បាន​ឲ្យ​ដឹង​ថា ​ជា​ការ​តាំងពិព័រណ៍​ផលិតផល​បារាំង​នេះ​ គឺ​ព្រឹត្តិ​ការណ៍​មិន​ធ្លាប់​មាន​មួយ​ព្រោះថា ​ផ្សារ​មួយ​នឹង​លេច​រូបរាង​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ទី​៣០​មីនា​ខាងមុខនេះ។

ក្នុង​រយៈ​ពេល​មួយថ្ងៃ​ ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច សាធារណជន​អាច​ចូលរួម​កម្សាន្ត​នៅក្នុង​«​ផ្សារ​បារាំង​»​នេះ​ដោយ​សេរី ដើម្បី​ទស្សនា​ស្តង់​ពិព័រណ៍​ចំនួន​ជាង​៥០ ដែល​នឹង​ដាក់តាំង​បង្ហាញ​ផលិតផល​និង​ជំនាញ​បារាំង​ក្នុង​វិស័យ​ជាច្រើន​ដូចជា សុខភាព សម្អាង​កាយ វប្បធម៌ កីឡា ម៉ូដ ម្ហូបអាហារ លំនៅឋាន និង​អប់រំ​។

ជាង​នេះទៅ​ទៀត កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជាច្រើន​នឹង​ត្រូវ​រៀបចំឡើង​នៅក្នុង​ឱកាស​ដ៏​រីករាយ​នេះ​ដើម្បី​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​គ្រប់​វ័យ​ដូចជា​តន្ត្រី​សិល្បៈ សួន​កុមារ​សកម្មភាព​កីឡា ការ​បង្រៀន​ធ្វើ​ម្ហូប​ដោយ​មេ​ចុងភៅ​ល្បីៗ​ការ​ភ្លក់​ម្ហូប​បារាំង​បទ​បង្ហាញ​តូចៗ​និង​កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ទៀត​នៅ​តាម​ស្តង់​ពិព័រណ៍​។​សាធារណជន​ទាំងអស់​អាច​ចូលរួម​រីករាយ​ជា​លក្ខណៈ​ឯកជន ជា​លក្ខណៈ គ្រួសារ ឬ​ជាមួយ​មិត្តភក្តិ​ក៏បាន​។

ចំណែក​អ្នកសារព័ត៌មាន​ដែល​មាន​បំណង​ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​ចុះឈ្មោះ​ជាមុន​ជាមួយ​លោក​ទឹង សុខ​លីម​តាម​រយៈ​អ៊ីមែល soklim.tung@diplomatie.gouv.fr ឬ​ទូរស័ព្ទ ០១២ ៦៦៦ ៣០២​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ​បារាំង ៖ www.facebook.com/events/388981838592575/៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu