សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីបានប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រអំពីរបៀបដើម្បីជួយដល់ប្រទេសវេណេហ្ស៊ូអេឡាដោយទីក្រុងមូស្គូបានសន្យាផ្តល់ជំនួយសង្គ្រោះថ្មីតាមរយៈលោកប្រធានាធិបតី Nicolas Maduro ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មដោយសារតែការរារាំងជំនួយរបស់សហរដ្ឋអាមេរិកដែលខ្លួនព្យាយាមបញ្ជូនតាមព្រំដែន។
មួយថ្ងៃបន្ទាប់ពីរុស្ស៊ីនិងចិនបានវេតូលើសេចក្តីសម្រេចរបស់អាមេរិកនិងអឺរ៉ុបនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យមានការផ្តល់ជំនួយនោះ, រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅលើមន្ត្រីយោធាវេណេហ្ស៊ូអេឡាចំនួន៦នាក់ដែលបានបញ្ឈប់ក្បួនរថយន្តដែលដឹកនាំដោយអាមេរិកកាលពីចុងសប្តាហ៍មុន។
មនុស្សបួននាក់ត្រូវបានសម្លាប់ខណៈកងកម្លាំងរបស់លោក Maduro បានរារាំងអង្ករ សណ្តែកនិងស្បៀងអាហារដទៃទៀតចំនួន១៧៩តោនពីប្រទេសកូឡុំប៊ីមិនឲ្យចូលក្នុងប្រទេសវេណេហ្ស៊ូអេឡា។ បុរសខ្លាំងឆ្វេងនិយមបាននិយាយថា ជំនួយនេះគឺជាលេសសម្រាប់ការឈ្លានពានដែលដឹកនាំដោយសហរដ្ឋអាមេរិក។
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងដាក់ទណ្ឌកម្មលើសមាជិកនៃកងកម្លាំងសន្តិសុខរបស់លោក Maduro ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សាដ៏សាហាវ”។
មនុស្សទាំងប្រាំមួយនាក់នោះក៏រួមមានទាំងឧត្តមសេនីយ៍ឯក Richard Jesús Lopez Vargas ដែលជាមេបញ្ជាការរបស់ឆ្មាំជាតិវេណេហ្ស៊ូអេឡាផងដែរ។ ទណ្ឌកម្មនេះបានបង្កកទ្រព្យសម្បត្តិណាមួយនៅក្នុងសហរដ្ឋអាមេរិកនិងពិន័យលើទំនាក់ទំនងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកជាមួយក្រុមមន្ត្រី។
ក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិកក៏បានដកហូតទិដ្ឋាការរបស់មន្ត្រីវេណេហ្ស៊ូអេឡាចំនួន៤៩នាក់និងសមាជិកគ្រួសាររបស់ពួកគេផងដែរ។
មេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ូអេឡាលោក Juan Guaido ដែលទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ជាប្រធានាធិបតីបណ្តោះអាសន្ននោះគឺមានក្តីសង្ឃឹមថានឹងទទួលបានជ័យជំនះក្នុងការនាំយកស្បៀងអាហារដែលអាមេរិកសម្របសម្រួលជាមួយប្រទេសកូឡុំប៊ីនិងប្រេស៊ីលចូលក្នុងប្រទេសវេណេហ្ស៊ូអេឡា។
លោក Guaido បាននិយាយថា មនុស្សចំនួន៣០០,០០០នាក់អាចស្លាប់បើសិនជាជំនួយមិនអាចចូលក្នុងប្រទេសវេណេហ្ស៊ូអេឡាបានទេនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments