ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងពេលជិះម៉ូតូឆ្លងផ្លូវមិនបានងាកមើលក្រោយស្របពេលរថយន្តមកពីក្រោយ បើកបរលឿនជាន់ហ្វ្រាំងមិនទាន់បានបុកតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ២ កែងផ្លូវចូលវិហារយេស៊ូ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពពី លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា មានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ 92 48 ក.ណ1ជិះដោយមនុស្ស៣នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច។
លុះមកដល់ផ្លូវចូលវិហារយេស៊ូ អ្នកបើកបរម៉ូតូបានបត់ឆ្វេងឆ្លងផ្លូវ ពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីណូសណ្ដោងកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ3D 37 65 ដែលបើកបរស្របទិសជាមួយម៉ូតូបានបុកម៉ូតូពីក្រោយ បណ្ដាលឲ្យជនរងគ្រោះ ដែលជិះម៉ូតូបានបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់ ឯម្នាក់ទៀតរបួសស្រាល។
លោកអធិការរងបានបន្តថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ វ៉ន តុលា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស និងមានទីលំនៅក្បែរចំណុចកើតហេតុ និងម្នាក់ទៀត ឈ្មោះ វ៉ន ចាន់បូរមី ភេទប្រុស ត្រូវជាបងអ្នកស្លាប់ របួសធ្ងន់។ រីឯអ្នកបើកបរម៉ូតូ ឈ្មោះ សាន សុខវឿន របួសស្រាល។
ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឃឹម សុខមឿន ភេទប្រុស អាយុ២៩ឆ្នាំមានស្រុកកំណើតភូមិបន្លាស្អិត ឃុំរកាចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវយកទៅដោះស្រាយនៅនគរបាលចរាចរណ៍ក្រុងភ្នំពេញ។ ចំពោះគ្រោះថ្នាក់ បង្កឲ្យមានមនុស្សស្លាប់ និងរបួស គឺដោយសារតែភាគីរថយន្តបើកបរលឿន៕
Source: Kampuchea Thmey Daily
0 Comments