មន្ត្រីអាមេរិកម្នាក់បានប្រាប់ AFP កាលពីថ្ងៃសុក្រថា យោធាអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ខិតខំពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង។
មតិយោបល់ពីមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីការបញ្ចប់កិច្ចប្រជុំកំពូលលើកទីពីររបស់លោកត្រាំជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅទីក្រុងហាណូយដែលបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងផ្លូវការមួយទេប៉ុន្តែភាគីទាំងពីរបានលើកឡើងថាពួកគេនឹងបន្តពិភាក្សាគ្នា។
ប៉ុន្តែនៅក្នុងប្រទេសកូរ៉េខាងត្បូង មន្ដ្រីរដ្ឋាភិបាលម្នាក់បានលើកឡើងថា សមយុទ្ធនេះនឹងត្រូវបានកាត់បន្ថយជាជាងការបោះបង់ចោលទាំងស្រុង។
មន្ត្រីរូបនោះបានប្រាប់ AFP ថា “ប្រសិនបើយើងកំណត់ទំហំនៃសមយុទ្ធនេះដោយត្រឹមតែចំនួនទាហានប៉ុណ្ណោះនោះ ការធ្វើសមយុទ្ធនេះទំនងជាមានទំហំតូចជាងមុន”។
មន្ត្រីដដែលបានបន្ថែមថា ភាគីទាំងពីរនៅតែកំពុងពិភាក្សាគ្នាអំពីអត្ថន័យនៃសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានគេរំពឹងថានឹងបញ្ចេញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ដោយដកស្រង់ប្រភពពីមន្ត្រីការពារជាតិអាមេរិកមិនបញ្ចេញឈ្មោះពីរនាក់ ទូរទស្សន៍ NBC News បានរាយការណ៍ពីដំបូងថា សមយុទ្ធ Foal Eagle ដែលជាធម្មតាប្រព្រឹត្តទៅនៅនិទាឃរដូវគឺនឹងត្រូវលុបចោល។
Foal Eagle គឺជាសមយុទ្ធធំបំផុតក្នុងចំណោមសមយុទ្ធរួមគ្នាជាទៀងទាត់ដែលរៀបចំឡើងដោយសម្ព័ន្ធមិត្តទាំងពីរហើយតែងតែបង្កកំហឹងដល់ទីក្រុងព្យុងយ៉ាងដែលបានថ្កោលទោសវាថាជាការត្រៀមលក្ខណៈសម្រាប់ការឈ្លានពាន។ កាលពីអតីត សមយុទ្ធនេះមានការចូលរួមពីកងកម្លាំងកូរ៉េខាងត្បូងចំនួន២០០,០០០នាក់និងទាហានអាមេរិកប្រមាណ៣០,០០០នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកត្រាំជាមួយលោកគីមកាលពីឆ្នាំមុននៅប្រទេសសិង្ហបុរី សហរដ្ឋអាមេរិកនិងទីក្រុងសេអ៊ូលបានបន្ធូរបន្ថយឬលុបចោលសមយុទ្ធយោធារួមគ្នាមួយចំនួនហើយយន្តហោះទម្លាក់គ្រាប់បែកអាមេរិកលែងហោះហើរលើប្រទេសកូរ៉េខាងត្បូងទៀតហើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments