Ad Code

លោក​ ​អាត់​ ខែម​ ដាស់តឿន​ដល់​មន្ត្រី​នគរបាល​ទាំងអស់​ ត្រូវ​ពង្រឹង​សមត្ថភាព​ទប់ស្កាត់ បង្ក្រាប ខណៈ​បទល្មើស​កើន​ឡើង



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៩ នៅក្នុង​សាលប្រជុំ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ លោក​ឧត្ដមសេនីយ៍​ទោ​ អាត់​ ខែម ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើការ​ដាស់តឿន​ដល់​មន្ត្រីនគរបាល​ទាំងអស់ ​ត្រូវ​ពង្រឹង​សមត្ថភាព​ទប់ស្កាត់ បង្ក្រាប ​ខណៈ​បទ​ល្មើស​កើនឡើង។

លោក​ អាត់ ខែម បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ថ្ងៃ​ទី​១​ខែ​មីនា ​ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ពី​កម្លាំង​នគរបាល​ក្រោមបង្គាប់​ប្រមាណ​ជិត​៥០០​នាក់។

លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ បានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោមបង្គាប់​ត្រូវ​ពង្រឹង​វិន័យ​កងកម្លាំង​នគរបាលជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​អនុវត្ត​ការងារ​ដឹកនាំ​ការពារ​សន្តិសុខ​ឲ្យ​មាន​សុវត្ថិភាព​ប្រសើរ​ឡើង​ខ្ពស់ ​ខណៈដែល​ខេត្តបន្ទាយមានជ័យ​រយៈពេល​ចុងក្រោយ​កើតមាន​បទល្មើស​កើន​ឡើង។

យោងតាម​របាយការណ៍​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ហាញ​ឲ្យ​ដឹងថា ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង ៦​លើក លើ​៤​លើក កើនឡើង​២​លើក ចេញ​ប្រតិបត្តិ​ការបង្ក្រាប​៥​លើក ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ បទល្មើស​គ្រឿងញៀន​កើតឡើង​៣៤​លើក​លើ​២៧​លើក កើន​៧​លើក បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​១២៤​នាក់ ​ក្នុង​នោះ​ស្រី​៥​នាក់​ជាដើម។

លោក អាត់ ខែម​ ក៏បាន​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​នៅតាម​បណ្តា អធិការដ្ឋាន​ស្រុក​ក្រុង​ទាំង​៩ បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់​ខ្លួន​មុខ​មុខសញ្ញា ជន​សង្ស័យ​នៅ​សេសសល់ ​ដែល​ប្រព្រឹត្ត​បទល្មើស​ដែល​គេចខ្លួន​ ត្រូវ​តាម​ចាប់​យកមក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន ដោយ​មិន​ត្រូវ​ឲ្យ​រួចខ្លួន​បានឡើយ។

កន្លងមក កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​បំបែកសំណុំរឿង​បទល្មើស នៅ​ពេល​បទល្មើស​កើតឡើង​ គឺ​កម្លាំង​នគរបាល​បានចេញ​ប្រតិបត្តិ​ការ​បង្ក្រាប​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ នេះ ​ជា​មោទនភាព​ និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

ជាក់ស្ដែង ​កាលពី​កន្លងទៅ​ថ្មីៗ​នេះ នៅ​ស្រុក​ថ្មពួក​ មាន​អំពើ​ឃាតកម្ម​ព្រៃផ្សៃ​កើតចេញពី​ភ្លើង​ប្រច័ណ្ឌ​ នៃ​រឿង​ស្នេហា​ត្រីកោណ ដែល​ឃាតក​ជា​បងប្អូន​បង្កើត​២​នាក់ បាន​កាប់សម្លាប់ ​រួច ​យក ក​ង់​គោយន្ត ​និង​កង់​ត្រាក់ទ័រ​ដុត​បុរស​ជនរងគ្រោះ​ ដែល​ស្រឡាញ់​ស្ត្រី​ជា​អតីត​ប្រពន្ធ​របស់​ប្អូនប្រុស​ខ្លួន​នោះ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ស្រុក ប៉ុស្តិ៍​បង្ក្រាប​បាន​ទាន់​ក្តៅ។ ករណី​នេះ​មហាជន ប្រជាជន​ចាប់អារម្មណ៍​ និង​ជឿជាក់​កម្លាំង​នគរបាល​ខ្លាំងណាស់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu