បន្ទាយមានជ័យ ៖ ផ្លូវខេត្តបន្ទាយឆ្មារ ទៅភ្នំដងរែក ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនោះ ធ្វើបាន៨០ភាគរយហើយ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះថា មកទល់ពេលនេះ គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះ ក្រុមគ្រឿងចក្រ និងក្រុមការងារដែលម៉ៅការ បានធ្វើសកម្មភាព ការងារធ្វើផ្លូវ ដោយពង្រីក និង ចាក់ដី ស លើកកម្ពស់ និងក្រាលដីក្រួសក្រហមលើផ្លូវលេខ2563A ផ្លូវខេត្តភ្ជាប់ផ្លូវជាតិ កាត់ទទឹងទៅផ្លូវជាតិ ពីម្តុំប្រាសាទបន្ទាយឆ្មារ ទៅភ្នំដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើបានប្រវែង៥.៥០០ម៉ែត្រ ទទឹង៨ ម៉ែត្រ ពោលគឺអនុវត្តការងារសម្រេចបាន៨០% ហើយ។
លោក គឹម សុវណ្ណ បន្តថា នេះ ជាគម្រោងអនុវត្តរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។ ក្រៅពីនោះ គម្រោងផ្លូវខេត្ត ដែលគ្រប់គ្រងដោយមន្ទីរ តែអនុវត្តដោយក្រុមហ៊ុន ឬអ្នកម៉ៅការផ្សេងទៀត ក៏ធ្វើបានយ៉ាងច្រើន ហើយមានផ្លូវក្រាលកៅស៊ូផងដែរ។
លោក គឹម សុវណ្ណ បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋគាត់ធ្វើដំណើរបានស្រួលក្នុងការដឹកផលិតផលទៅកាន់ទីផ្សារ ក៏ដូចជា សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន និងដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ក្នុងនោះ លោក គឹម សុវណ្ណ បានសំណូមពរផងដែរ ដល់ប្រជាពលរដ្ឋ បើការធ្វើផ្លូវនេះមាន ការប៉ះពាល់ សូមចូលរួមសហការជាមួយក្រុមការងារ ព្រោះនេះ គឺផលប្រយោជន៍រួមទាំងអស់គ្នា។ ដោយក្តីរីករាយយ៉ាងក្រៃលែងនោះប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ផ្លូវ១ខ្សែនេះជូនដល់ពួកគាត់ ពីមុនមកគាត់ជួបបញ្ហាលំបាកជាច្រើនឆ្នាំមកហើយ ពិសេស គឺនារដូវវស្សាជួបបញ្ហាខ្លាំង ពេលនេះបានផ្លូវថ្មីគាត់ពិតជាមានសេចក្ដីត្រេកអរខ្លាំងណាស់៕
Source: Kampuchea Thmey Daily
0 Comments