ប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំទី២ជាប់គ្នាខណៈស៊ូដង់ខាងត្បូងដែលហែកហួរដោយសង្គ្រាមបានស្ថិតនៅក្រោមគេបំផុតក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃពុធ។
ប្រជាជាតិនៃតំបន់ Nordic មានប្រជាជន៥.៥លាននាក់មួយនេះដែលត្រូវបានគេស្គាល់ដោយសារតែក្តីស្រឡាញ់របស់ពួកគេចំពោះព្រៃឈើ បឹងនិងសូណាគឺបានស្ថិតនៅទីកំពូលក្នុងការសិក្សាដែលប្រើទិន្នន័យស្ទាបស្ទង់បន្ទាប់ពីការសាកសួរប្រជាជនក្នុងប្រទេសចំនួន១៥៦អំពីថាតើពួកគេយល់ឃើញថាពួកគេសប្បាយចិត្តយ៉ាងណាព្រមទាំងវិធានការនានាដូចជាអាយុកាល ប្រាក់ចំណូលនិងការគាំទ្រពីសង្គមជាដើម។
ប្រទេសតំបន់ Nordic ផ្សេងទៀតក៏ដូចជាហូឡង់ ស្វីស កាណាដា នូវែលហ្សេឡង់និងអូទ្រីសក៏បានស្ថិតក្នុងចំណោមប្រទេសលំដាប់កំពូលទាំងដប់ផងដែរ។
ថ្វីបើមានភាពចលាចលផ្នែកនយោបាយដែលបង្កឡើយដោយ Brexit ក៏ដោយក៏ចក្រភពអង់គ្លេសបានឡើងបួនចំណាត់ថ្នាក់មកឈរនៅលំដាប់ទី១៥។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបានបន្តការធ្លាក់ចុះរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយធ្លាក់មួយចំណាត់ថ្នាក់ទៅលំដាប់ទី១៩។
ប្រទេសគ្មានសុភមង្គលបំផុតនោះគឺស៊ូដង់ខាងត្បូងដែលជាកន្លែងអង្គការសហប្រជាជាតិបាននិយាយនាពេលថ្មីៗនេះថា ៦០ភាគរយនៃប្រជាជនបានប្រឈមនឹងអសន្តិសុខស្បៀងអាហារបន្ទាប់ពីសង្គ្រាមស៊ីវិលបង្ហូរឈាមមួយដែលឆក់យកជីវិតមនុស្សប្រមាណ៤០០,០០០នាក់។
បណ្តាប្រទេសដែលមានជម្លោះផ្សេងៗទៀតដូចជាយេមែន អាហ្វហ្គានីស្ថាននិងសាធារណរដ្ឋអាហ្វ្រិកកណ្តាលក៏មានវត្តមាននៅបាតតារាងផងដែរ។
ដោយចេញផ្សាយនៅទិវាសុភមង្គលអន្តរជាតិថ្ងៃទី២០ខែមីនា របាយការណ៍នេះបានព្រមានថា សុភមង្គលពិភពលោកបានធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលជំរុញដោយការធ្លាក់ចុះជាបណ្តើរៗនៅប្រទេសឥណ្ឌាដែលឆ្នាំនេះបានជាប់ចំណាត់ថ្នាក់លេខ១៤០៕ AFP
Source: Kampuchea Thmey Daily
0 Comments