ភ្នំពេញ ៖ ពិតជាគួរឲ្យសរសើរ និងចាប់អារម្មណ៍ខ្លាំង សម្រាប់មហាជន ក្រោយពេលដែលតារាចម្រៀងវ័យក្មេងពីររូប គឺប្អូនប្រុស ធឿន បុរី និងកុមារី អ៊ុក សុវណ្ណារី ថ្មី ៗនេះ បានពួតដៃគ្នាបង្ហើរសំនៀងបានយ៉ាងពីរោះនូវ បទមរតកដើម ដែលមានចំណងជើងថា ផ្កាអ្វី ? (គន់មើលក្នុងសួន)។
ការរួមគ្នាបញ្ចេញសមត្ថភាពច្រៀងនូវបទឆ្លងឆ្លើយ ដែលជាចម្រៀងមរតកដើមរវាងកុមារា ធឿន បុរី និងកុមារី អ៊ុក សុវណ្ណារី នេះបានបង្កើតឡើងតាមរយៈការផ្តល់ឱកាសជាតារាដំបូងគេពីសំណាក់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីឈ្មោះនៅកម្ពុជា គ្រាដែលលោកបានប្រកាសបើកដំណើរការផ្លូវការឡើងវិញ នូវក្រុមហ៊ុនចម្រៀងមាន ឈ្មោះថា Galaxy Navatra។
ខណៈដែល ធឿន បុរី និង អ៊ុក សុវណ្ណារី ទទួលបានឱកាសបង្ហាញសមត្ថភាពច្រៀងរួមគ្នានូវបទមរតកដើមជាចង្វាក់រាំវង់នេះដែរ ភ្លាមៗនោះ តារាចម្រៀងរៀមច្បងរបស់ផលិតកម្មថោន លោក ខេម ក៏បានពោលពាក្យចេញពីបេះដូងខ្លួន ដោយលើកសរសើរថា ថាអត់ពីរោះមួយម៉ាត់ទៅ នេះបានហៅថាចង្វាក់ចូលឆ្នាំខ្មែរ ខ្លាចអ្វីនឹងបង្ហោះ បើបទពីរោះ ត្បិតតែថាផេកនេះរបស់ខ្ញុំមែន តែបើបទពីរោះត្រូវតែបង្ហោះ ស៊ែរឲ្យព្រោងព្រាត។
តារាចម្រៀង លោក ខេម បានលើកសរសើរទៀតថា ហើយចង់បញ្ជាក់មួយម៉ាត់ទៀតនេះ បានហៅថាអ្នកចម្រៀង ជូនពរប្អូនប្រុស ស្រី ទទួលបានក្តីស្រលាញ់ពីពុកម៉ែបងប្អូនខ្មែរយើងឲ្យបានច្រើន។
សំណូមពរបងប្អូនស៊ែរឲ្យច្រើន មិនអស់លុយអ្វីប៉ុន្មានទេ ដើម្បីបទប្រពៃណីយើង និយាយការពិត អរគុណ…...។
សូមជម្រាប់ថា មុននេះបន្តិចលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសនៅលើផេកផ្ទាល់ខ្លួនដែរថា ខណៈនេះក្រុមហ៊ុនចម្រៀង Galaxy Navatra មានបទចម្រៀងមរតកដើមមួយបទ ដែលច្រៀងរួមគ្នាដោយប្អូនប្រុស ធឿន បុរី និង អ៊ុក សុវណ្ណារី នូវបទ ផ្កាអ្វី? (គន់មើលក្នុងសួន)ដែលបទនេះក៏ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ កវី គឹម សំអែល ដែលផលិតនៅឆ្នាំ១៩៧៤ ហើយអរគុណដល់បងប្រុស សេង តារា ដែលបានស្រាវជ្រាវស្នាដៃអ្នកនិពន្ធជំនាន់ដើមឲ្យពួកយើងបានដឹង។
លោកបន្តថា នាឱកាសនេះ ខ្ញុំបាទ ឡេង ណាវ៉ាត្រា បានចាប់ផ្តើមដំណើរការក្រុមហ៊ុនចម្រៀងមួយជាផ្លូវការដែលមានឈ្មោះថា Galaxy Navatra តាមពិតទៅក្រុមហ៊ុនមួយនេះខ្ញុំបាទបានបង្កើតឡើងច្រើនឆ្នាំមកហើយដែរ ក៏ប៉ុន្តែកន្លងមកគ្រាន់តែផលិតចម្រៀងមួយបទៗលេងជាការកម្សាន្តតែប៉ុណ្ណោះ។ នាខណៈនេះ ក្រុមហ៊ុន Galaxy Navatra នឹងចូលខ្លួនមកបម្រើអារម្មណ៍បងប្អូនអ្នកស្តាប់ទាំងក្នុង និងក្រៅប្រទេស និងគោលបំណងដើម្បីចូលរួមក្នុងវិស័យសិល្បៈដោយមានទាំងបទនិពន្ធថ្មីៗ និងបទមរតកដើមមួយចំនួន ព្រមទាំងមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ និងបងប្អូនតារាចម្រៀងថ្មីៗ និងអ្នកនិពន្ធល្បីៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments