Ad Code

ផ្ដន្ទាទោស​ក្រុម​លោក​ថោង សា រ៉ាត់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត



ភ្នំពេញ ៖ នៅ​ទីបំផុត​ក្រុម​ប្រឹក្សា​ជំនុំ​ជំ​រះ​តុលាការ​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក​ថោង សារ៉ាត់ និង​បក្សពួក ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​ឧកញ៉ា​អ៊ឹង ម៉េងជឺ។

សេចក្ដីសម្រេច​នេះ ​ធ្វើឡើង​ដោយ​កំបាំងមុខ​ជនជាប់ចោទ​ថោង សារ៉ាត់ តែ​ចាត់ទុកជា​ចំពោះមុខ បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

ក្រោយ​ស្ដាប់​សេចក្ដីសម្រេច​របស់​តុលាការ​ហើយ ទាំង​ជន​ត្រូវ​ចោទ​ដែល​នាំមក​ស្ដាប់​សាលក្រម​រួម​ទាំង​សាច់ញាតិ​បាន​យំ​ននៀល​ពេញ​បន្ទប់​សវនាការ​ស្រែកថា​អ​យុ​ត្តិ​ធម៌។



គួរ​រំលឹក​ថា ​ក្នុង​សំណុំ​ឃាតកម្ម​លើ​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ កន្លង​ទៅ​តុលាការ​បាន​ចោទប្រកាន់​ទី​១​ឈ្មោះ ថោង សារ៉ាត់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន ៩៩៩ ជាប់ចោទ​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន។ ទី​២​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ និង​ទី​៣​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ (​ស្លាប់​) ជាប់ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន។ ​ទី​៤​ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ទី​៥​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ និង​ទី​៦​ឈ្មោះ ឈុន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទ​ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​។ ចំពោះ​ការ​សួរដេញដោល តុលាការ​នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃទី១៦​មករា​នេះ។

សូម​រំលឹក​ថា ​ជនរងគ្រោះ​មានឈ្មោះ អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ង​តិ៍​ពេជ្រ ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ម៉ោង​ប្រមាណ​ជាជាង​៧​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​ កន្លងទៅ​នៅមុខ​តូប​លក់​ផ្លែឈើ​ស្រស់​យីហោ ឡោ តិច​សេង ក្បែរ​ផ្សារ​អូឡាំពិក។

ក្នុង​សវនាការ​ចំនួន​២២​លើក​កន្លងទៅ​ ក្រុម​ជនជាប់ចោទ​បាន​បដិសេធ​ថា​ ពួកគេ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ទេ ប៉ុន្តែ​ពួកគេ​មិន​មាន​ភស្តុតាង​ដោះ​បន្ទុក​ទាល់តែសោះ។

គួរ​រំលឹក​ដែរ​ថា ជនជាប់ចោទ​ឈ្មោះ ថោង សារ៉ាត់ និង​ឈ្មោះ ថោង ចំរើន (​ជា​ឪពុក​) និង​ឈ្មោះ កែវ សារី (​ជា​ម្តាយ​) ក៏​ធ្លាប់​ត្រូវ​បាន លោក ឃី ឆៃ ចៅក្រម​សាលា រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី​២​ឆ្នាំ ទៅ​២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ៦​លាន​រៀល​ចូល​ជា​ថវិការដ្ឋ ក្រោម​បទចោទប្រកាន់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត យោង​តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។

ចំពោះ​សំណុំរឿង​ឃាតកម្ម បើក​ក្នុងករណី​តុលាការ​រក​ឃើញ​ថា ​លោក​ថោង សារ៉ាត់ ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ នោះ​ក្រុម​ជនជាប់ចោទ​អាច​ប្រឈម​មុខការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​បើ​យោងតាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu