Ad Code

តំណាង អសប ចំនួន​៣ ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស ដើម្បី​រៀបចំ​កិច្ចសន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា



ភ្នំពេញ​ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ បាន​ទទួល​ជួប​តំណាង​អង្គការ​អន្តរជាតិ​ថ្មី ចំនួន​៣​ស្ថាប័ន ដែលមាន​តំណាង​អង្គការ UNICEF តំណាង​អង្គការ UNDP និង​តំណាង​អង្គការ UNESCO ដើម្បី​សម្តែង​ការគួរសម និង​ជូន​សារ​តាំងនៅ​ទីស្តីការ​ក្រសួង​។



លោក ស៊ីម វីរៈ ទីប្រឹក្សា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា ជំនួប​នេះ​ធ្វើឡើង ដើម្បី​ជូន​សាតាំង​របស់​តំណាង​ថ្មី​នៃ​អង្គការសហប្រជាជាតិ​នោះ គឺ​ទី​១, UNDP ទី​២, UNESCO និង​ទី​៣, UNICEF ដែល​ក្នុង​នោះ លោក Nick Bersford តំណាង​ឲ្យ​អង្គការ UNDP3, លោក Sardar Umar Alam តំណាង​ឲ្យ​អង្គការ UNESCO និង​លោកស្រី Cristian Mundate តំណាង​ឲ្យ​អង្គការ UNICEF ហើយ​ជំនួប​នេះ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​រៀបចំ​កិច្ច​សន្ទនា ជាប្រចាំ​ឆ្នាំ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ភ្នាក់ងារ​របស់ អសប ប្រចាំ​នៅ​កម្ពុជា​។



លោក ស៊ីម វីរៈ លើកឡើង​ទៀត​ថា នៅក្នុង​កិច្ចសន្ទនា​នោះ នឹង​មាន​ប្រធានបទ​សំខាន់​ចំនួន​៣​គឺ​ទី​១, កិច្ច​គាំពារ​សង្គម ទី​២, ទិន្នន័យ​សម្រាប់​អភិវឌ្ឍន៍ ដែល​ចំ​ពេល​ដែល​កម្ពុជា​ទើប​ធ្វើ​ជំរឿន​ថ្នាក់​ជាតិ​ប្រជាជន និង​ទី​៣, វេទិកា​ត្រួតពិនិត្យ​របាយការណ៍​ថ្នាក់​ជាតិ ដោយ​ស្ម័គ្រចិត្ត ដែល​គ្រោង​ធ្វើឡើង​នៅ​ខែកក្កដា​ខាងមុខ​។ លោក​បន្ត​ថា ចំពោះ​វេទិកា​ត្រួតពិនិត្យ​របាយការណ៍​ថ្នាក់​ជាតិ​នេះ គឺជា​វេទិកា​ដ៏​សមស្រប​មួយ ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ​ឲ្យ​ឃើញ​ពី​ជោគជ័យ​របស់​កម្ពុ​ជាក​ន្ល​ង​មក ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ដូចជា​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស កន្លងមក​ជាដើម​។



ជា​ការ​ឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​ក្រុម​ទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​កន្លងមក​នេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu