Ad Code

ស្នងការ​រង​ខេត្ត​កណ្ដាល ស្រេង សុខា ត្រូវ​ប្រជាពលរដ្ឋ​ប្តឹង​ករណី​សង់ផ្ទះ​រំលោភ​ផ្លូវ​សាធារណៈ



កណ្ដាល ​៖ ​ស្នងការ​រង​ខេត្ត​កណ្តាល​លោក ស្រេង សុខា ដែល​បច្ចុប្បន្ន​កំពុង​​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ទ្រព្យសម្បត្តិ​​នោះ ​ពេលនេះ​ក៏​ស្រាប់តែ​ធ្លាយ​ដំណឹង​ប្រពល​រដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវលំ ភូមិ​ព្រែក​សំរោង​២ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្តាល ផ្តិតមេដៃ​ដាក់ពាក្យ​បណ្តឹង។

បើ​យោង​តាម​ប្រភព​បាន​​​បញ្ជាក់​ថា ​ពាក្យបណ្តឹង​នេះ​ បាន​ធ្វើឡើង​តាមរយៈ​លោក​មេភូមិ​សំរោង​២ ឃុំ​តាខ្មៅ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ពាក្យបណ្តឹង​នេះ​ក៏បាន​​បញ្ជូន​ទៅ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កាលពី​ថ្ងៃទី​២១​ ខែមករា​ ឆ្នាំ ២០១៩ ផងដែរ។

ក្នុង​លិខិត​ដែល​ចុះ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នោះ ក៏បាន​ភ្ជាប់​ជាមួយ​ឈ្មោះ​ដើមបណ្តឹង មានដូចជា​៖ សាង ហេង​, ម៉ៅ សុភាព​, ស៊ុន វ​ឌ្ឍា​, អេង ហៀ​ង​, រៀម សេង​ឡាង​, សួរ ចំរើន​, គឹម សុខ​ជា​, លី វ៉ាន​សុ​វណ្ណា​, ច្រាំ សុភាព​, កេ​ត ហេង​, ហ៊ឹម ជា​, កៅ រិ​ន លន់ សៀង អេង​, គួច ខេ​វិ​ន និង​ស៊ា​ង សៀម​លី ដែលជា​ប្រជាជន​រស់នៅ​អម​សងខាង​ផ្លូវ បាន​ប្តឹង​លោក​ស្រេង សុខា ស្នងការរង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល។

ប៉ុន្តែ​តាម​ប្រភព​ថា ​ពាក្យបណ្តឹង​នេះ ត្រូវបាន​អាជ្ញាធរ​ចុះទៅ​ត្រួតពិនិត្យ និង​ឲ្យ​ឈ្មោះ​ស្រេង សុខា ផ្អាក​ការសាងសង់​សំណង់​រឹង​នោះ​ហើយ ​តែ​លោក​ស្នងការរង​ដែល​សាងសង់​ផ្ទះជួល​មិនបាន​សុំច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​នោះ មិន​ព្រម​អនុវត្តន៍​តាម​មន្ត្រី​ជំនាញ​ឡើយ។ លោក វណ្ណា មេភូមិ​ព្រែក​សំរោង​២ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ បាន​ឲ្យ​ដឹងថា លោក​ស្រេង សុខា ពិតជា​បាន​សាងសង់​សំណង់ (​ផ្ទះ​) ប៉ះ​ចិញ្ចើមផ្លូវ​សាធារណៈ​មែន ហើយ​គាត់​មិនបាន សុំច្បាប់​ពី​អាជ្ញាធរ​ឡើយ ប៉ុន្តែ​លោក​គ្រាន់តែ​ជា​មេភូមិ​តូចតាច មិន​ហ៊ាន​ណែនាំ​លោក ស្រេង សុខា ដែលជា​មន្ត្រី​មានអំណាច​ឡើយ។

ប្រភពពី​លោក វណ្ណា បានបញ្ជាក់​ទៀតថា “​គាត់ (​ស្រេង សុខា​) សង់ផ្ទះ​ហ្នឹង​នៅលើ​ចិញ្ចើមផ្លូវ​មែន អ៊ីចឹង​ហើយ​បានជា​ប្រជាពលរដ្ឋ​រស់នៅ​តាមផ្លូវ​ហ្នឹង មិន​សុខចិត្ត បានដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ ហើយ​ឮថា អាជ្ញាធរ​ឲ្យ​គាត់​ផ្អាក​សាងសង់​ទៀត តែ​គាត់​មិន​ស្តាប់​ទេ។ ចំពោះ​ខ្ញុំ​វិញ​ក៏​មិនដែល​បាន​ជួប​លោក ស្រេង សុខា ផ្ទាល់​ដែរ ព្រោះ​យើង​តូចតាច មិន​ហ៊ាន​ទៅ​ណែនាំ​ជាមួយ​គេ​អ្នកធំ អ្នកមានអំណាច​ខ្លាំង​អ៊ីចឹង​ទេ​”។

ជាមួយគ្នានេះ​អ្នកយកព័ត៌មាន​ក៏បាន​ព្យាយាម​ទាក់ទង​មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល ហើយ​ត្រូវបាន​ប្រភព​នោះ​អះអាងថា មន្ត្រី​ជំនាញ​បានចេញ​លិខិត​បញ្ឈប់​ការសាងសង់​ហើយ តែ​ម្ចាស់​សំណង់ (​ស្រេង សុខា​) មិន​បញ្ឈប់​ឡើយ ហើយ​មន្ត្រី​នោះ ​បាន​រុញ​ឲ្យ​ទៅ​សួរ​នៅ​ក្រុង​វិញ។

ដោយឡែក លោក ស្រេង សុខា ស្នងការរង​នៃ​ស្នងការដ្ឋាន​នរគបាល​ខេត្ត​កណ្តាល​បាន​ប្រាប់​អ្នកយកព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ ​លោក​ពិតជា​បាន​សាងសង់​ឃ្លាំង​នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ប្រាកដ​មែន តែ​លោក​មិនបាន​ដឹងថា មាន​ប្រជាជន​ប្រតិកម្ម​ប្តឹង​លោក​បែប​នេះឡើយ ព្រោះ​មិនដែល​ឃើញ​ពាក្យបណ្តឹង។

លោក ស្រេង សុខា បញ្ជាក់ថា “​ខ្ញុំ​សង់​ហ្នឹង គឺ​ធ្វើ​ឃ្លាំង​ដាក់​អីវ៉ាន់ មិនមែន​ធ្វើ​ផ្ទះ​ទេ​។ ខ្ញុំ​មិនដែល​ឮថា មាន​ប្រជាជន​នៅ​ហ្នឹង​ប្តឹង​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​អត់​ដែល​ឃើញ​ពាក្យបណ្តឹង​ហ្នឹង​សោះ​។ ការសង់​ឃ្លាំង​ហ្នឹង​ខ្ញុំ​មានបាន​រំលោភបំពាន​លើផ្លូវ​សាធារណៈ​ឯណា​អត់​មានរឿង​អ៊ីចឹង​ទេ។ ចំពោះ​រឿង​ថា ខាង​មន្ត្រី​ជំនាញ​ឱ្យ​ខ្ញុំ​បញ្ឈប់​ការសាងសង់​ហ្នឹង ក៏​ខ្ញុំ​មិនដែល​ដឹង​ដែរ ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ទេ​។ បើ​មាន​ពាក្យបណ្តឹង​ពី​ប្រជាជន​នៅ​ហ្នឹង សូម​យកមក​បង្ហាញ​ខ្ញុំ​ឲ្យ​បានឃើញ​ផង​”​។​

ថ្វីត្បិតតែ​លោក ស្រេង សុខា ព្យាយាម​ប្រកែក​ថា មិនដឹង​រឿង​ប្រជាជន​ប្តឹង​លោក​រឿង​សាងសង់​ឃ្លាំង​រំលោភ​លើផ្លូវ​សាធារណៈ​បែបនេះ​ក្តី តែ​ប្រជាជន​ដែល​រស់នៅ​អម​ផ្លូវ​នោះ បាន​ឲ្យ​ដឹងថា ខាង​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្តកណ្តាល ពិតជា​បាន​ចុះទៅ​បង្គាប់​ឲ្យ​ម្ចាស់​សំណង់ (​លោក​ស្រេង សុខា​) បញ្ឈប់​ការសាងសង់​តទៅទៀត​មែន តែ​លោក សុខា មិន​ស្តាប់​ឡើយ និង​នៅតែ​បន្ត​សាងសង់​។​

មហាជន​បាន​លើកឡើងថា ក្រោម​ឥទ្ធិពល​កណ្តាប់ដៃ​ដែក ដោយបាន​អនុវត្ត​យ៉ាងច្បាស់​លាស់​នៃ​អភិក្រម​ទាំង​៥ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​)​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បក​ស័ក្ដិ​បណ្តេញ​ចេញពី​តំណែង​នូវ​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្តរតនគិរី គឹម រស្មី ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​អំណាច និង​សម្ញែង​ទ្រព្យ​ចែក​កូនៗ​ថ្ងៃ​ខួបកំណើត​កន្លះ​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​ប្រជាជន​ទូទាំងប្រទេស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សម្តេច ជាខ្លាំង​។ ប៉ុន្តែ​ក៏​នៅមាន​មន្ត្រី​មួយចំនួនទៀត ហាក់​ផ្គើន​នឹង​ការអនុវត្ត​អភិក្រម​ទាំង​៥ របស់​សម្តេច ដដែល។

ជាក់ស្តែង​ដូចជា​លោក ស្រេង សុខា ស្នងការរង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល ថ្មីៗ​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនក្រមុំ​អ្នកស្រុក​ព្រៃវែង ដោយ​សម្ញែង​បណ្ណាការ​១០​ម៉ឺន​ដុល្លារ​អាមេរិក ចិញ្ចៀនពេជ្រ ២​វង់ តម្លៃ​រាប់ម៉ឺន​ដុល្លារ និង​រថយន្ត Lexus LX570 មួយគ្រឿង តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ សរុបទៅ​គ្រាន់តែ​ថ្លៃទឹកដោះ ជាង​៣០​ម៉ឺន​ដុល្លារ​។ ពេល​ស្នងការរង​ខេត្តកណ្តាល អាង​អំណាច​បាន​សាងសង់​ផ្ទះ​នៅ​ភូមិ​ព្រែក​សំរោង​២ ខេត្តកណ្តាល ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្តាល ត្រូវ​ប្រជាជន​ចោទថា បាន​រំលោភបំពាន​មកលើ​បង្គោល​ភ្លើង មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ ដោយ​គ្មាន​ការអនុញ្ញាត​សាងសង់។

មិនតែប៉ុណ្ណោះ​បើទោះបីជា​ត្រូវបាន​ប្រជាជន​ប្តឹង​ជំទាស់​ហើយ​អាជ្ញាធរ​បានចេញ​បញ្ជា​ឲ្យ​ផ្អាក​ការសាងសង់​យ៉ាងណា ក៏​លោក​ស្នងការរង នៅតែ​អះអាងថា មិនបាន​ដឹងឮ ដោយ​អាង​អំណាច​មិន​គោរព​រដ្ឋអំណាច​មូលដ្ឋាន និង​បំពាន​លើ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​ចុះទៅ​ហាមឃាត់​ការសាងសង់ ជាពិសេស មិន​ញញើត​នឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា “​ពេលនេះ ខ្លា​ក៏​វ៉ៃ ពស់​ក៏​វ៉ៃ កណ្តុរ​ក៏​វ៉ៃ កណ្តូប ក៏​វ៉ៃ រុយ​ក៏​វ៉ៃ ឲ្យ​តែ​រំខាន​ដល់​ផលប្រយោជន៍ ប្រជាពលរដ្ឋ​… ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu