Ad Code

ទីតាំង​អ៊ីនធឺណិត ​និង​ទូ​ហ្គេម​២​កន្លែង​ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប ក្នុង​ក្រុង​បាន​លុង



រតនគិរី​ ៖ ​អ៊ីនធឺណិត​ និង​ទូ​ហ្គេម​ខុសច្បាប់​ចំនួន​២​ទីតាំង​ជាប់​គ្នា ​រង​ការ​ចាប់​បង្ក្រាប ​និង​រឹបអូស​ពី​កម្លាំង​ចម្រុះ ​ក្នុង​ក្រុង​បាន​លុង​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ចន្ទ ១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩។

ក្នុង​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​អ៊ីនធឺណិត និង​ទូ​ហ្គេម​ដុះ​ស្លែ​ទាំង​២​ទីតាំង​ជាប់​គ្នា​ខាងលើនេះ ​ជាការ​ធ្វើ​ឡើង​រួមគ្នា​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ដែល​ដឹកនាំ​ដោយ ​លោក បូរ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​រតនគិរី​ ដែល​សមាសភាព​ចូលរួម​ លោក អ៊ុក ស៊ីដេ​ត អភិបាលរងក្រុង​បាន​លុង​ លោក កេ​ត ស៊ី​ថា អធិការរង​នគរបាល​ក្រុង​បាន​លុង​ លោក កៃ សា​វិ​ន ប្រធាន​អភិវឌ្ឍន៍​ក្រុង​បាន​លុង​ លោក​អនុសេនីយ៍ត្រី ជិន វណ្ណ​លិ​ន នាយរង​ផ្នែក និង​ លោក ឃឹម ណា​រិ​ទ្ធិ មន្ត្រី​កងរាជ​អាវុធហត្ថ​ក្រុង​បាន​លុង។

សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ទីតាំង​បើក​ប្រព័ន្ធ​អ៊ីនធឺណិត ចាក់​បាល់​ និង​ទូ​ហ្គេម​សម្រាប់​ក្មេងៗ​សិស្សសាលា​ភ្នាល់​គ្នា​យ៉ាង​អនាធិបតេយ្យ​ខុសច្បាប់​ទាំងពីរ​ខាងលើនេះ​ គឺ​នៅ​ទល់​មុខ​សាខា​ពន្ធដារ​ខេត្ត ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​​ ហើយ​ម្ចាស់​ទីតាំង​ប្រព័ន្ធ​អ៊ីនធឺណិត​ចាក់​បាល់​នោះ ​ក៏​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ជឹម ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​ខាងលើ និង​មុខរបរ​បើក​ជា​អចិន្ត្រៃយ៍​ប្រព័ន្ធ​អ៊ីនធឺណិត​(​ចាក់​បាល់)។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា ក្នុង​ការ​រឹបអូស​យក​វត្ថុតាង​រួមមាន ៖ កុំព្យូទ័រ ចំនួន៥គ្រឿង​
,ម៉ូនីទ័រ ចំនួន៥គ្រឿង​, ឃី​ប៊​ត ចំនួន៤គ្រឿង​. ម៉ៅ ចំនួន​៥គ្រឿង​, ម៉ាស៊ីន​ព្រីន​ធ័​រ ចំនួន​១គ្រឿង​
, សៀវភៅបញ្ជី ចំនួន​៤ក្បាល​, ត្រា១ , ប៊ុង​បាល់​ចំនួន​១ដុំ​ធំ​ , ក្រដាស​ព្រីន១​ដុំ​ធំ និង​ម៉ូតូ​ជាច្រើន​គ្រឿង ​ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ក្មេងៗ​សិស្សសាលា​ចំនួន​១០​នាក់​ទៀត​ផង។

ដោយឡែក ម្ចាស់​ទីតាំង ​និង​ក្មេងៗ​ទំនើង​ទាំងនោះ ​សមត្ថកិច្ច​បាន​ឲ្យ​ធ្វើ​កំណត់ហេតុ​កិច្ចសន្យា​ផ្តិត​មេ​ដៃ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ហើយ​ដោះលែង​ឲ្យ​មាន​សេរីភាព​ធម្មតា​វិញ។

មជ្ឈដ្ឋាន​ទូទៅ​ ក៏ដូចជា​មាតាបិតា​សិស្សានុសិស្ស​ក្នុង​ក្រុង​បាន​លុង​ទាំងមូល​ សាទរ​ចំពោះ​សមត្ថកិច្ច​ក្នុង​ចំណាត់ការ​ចុះបង្ក្រាប​ទូ​ហ្គេម​អនាធិបតេយ្យ​ល្មើសច្បាប់​នេះ ហើយ​ពួកគាត់​ក៏បាន​ស្នើសុំ​សមត្ថកិច្ច​ឲ្យ​ដាក់បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ទៅលើ​ម្ចាស់​ទីតាំង​ហ្គេម​ល្មើសច្បាប់​នេះ​ផង។

កន្លងមក​ គេ​សង្កេតឃើញ​ក្រុម​សិស្សានុសិស្ស​នាំគ្នា​វក់វី​នឹង​ហ្គេម ​ពុំ​បាន​ចូល​សាលា​សិក្សា​រៀនសូត្រ​នោះទេ។ ដោយសារ​ទូ​​ហ្គេម​នេះ​ បាន​បំផ្លាញ​អនាគត​ដល់​សិស្សានុសិស្ស​ជា​ទំពាំង​ស្នង​ឫស្សី និង​អសន្តិសុខ​ក្នុងសង្គម​ជាតិ​ឲ្យ​ធ្លាក់​ក្នុង​ជ្រោះ​មហន្តរាយ ដោយសារ​អំពើ​ដ៏​ព្រៃផ្សៃ​របស់​ក្រុម​ជន​អគតិ​ចង់​មាន​ចង់​បាន​ទ្រព្យធន​ ល្បែង​ហ្គេម ​និង​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ផ្ទះ​បើក​ល្បែង​ហ្គេម​នេះ​ផង​ដែរ ក៏​នៅមាន​ពីរ​ទីតាំង​ទៀត​ នៅតាម​បណ្ដោយ​ផ្លូវ​ចំណត​បេនឡាន​ក្រុង​សូរិយា ពុំ​ទាន់​ឃើញ​មាន​សមត្ថកិច្ច​ធ្វើការ​ចុះ​បង្ក្រាប​ឡើយ​ ឬមួយ​ក៏មាន​អាថ៌កំបាំង​ចម្លែក​អ្វី​នៅ​ពីក្រោយ​ខ្នង ​ទើប​សមត្ថកិច្ច​មានការ​រារែក​ក្នុង​ការ​បង្ក្រាប​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu