Ad Code

ចាប់ខ្លួន​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ ពី​បទ​លួច​លុយ​ក្រុមហ៊ុន​ជិត​៣០​ម៉ឺន​ដុល្លារ​



ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​របស់​គាត់​ចាប់ខ្លួន​ រួច​វាយ​បែក​ភ្នែក​ទើប​ប្រគល់ឲ្យ​សមត្ថកិច្ច​នគរបាល​កម្ពុជា ចាត់ការ​តាមច្បាប់​ កាលពី​ព្រលប់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​ទំនុក​ចិត្ត (​លួច​លុយ​ក្រុមហ៊ុន​ចំនួន​ជាង​២៦​ម៉ឺន​ដុល្លារ​) នៅ​ក្នុង​ខណ្ឌ​សែន​សុខ។

ប៉ូលិស​បានឲ្យ​ដឹងថា​ ជន​ដែល​ត្រូវបាន​ចោទប្រកាន់ ​និង​ឃាត់ខ្លួន​នោះ​មាន​ ឈ្មោះ TAN CHEEKEONG CRISTOPHER ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី កាន់​លិខិតឆ្លងដែន​លេខ​AZ 4926868 ​មុខរបរ​ប្រធាន​ផ្នែក​លក់ទំនិញ​របស់​ក្រុមហ៊ុន​ណត​ផាក ស្នាក់នៅ​បន្ទប់​ផ្ទះជួល​មួយកន្លែង​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌចំការមន។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ ត្រូវបាន​ចាប់ខ្លួន ​ដោយ​តំណាង​របស់​ថៅកែ​ក្រុមហ៊ុន ណត​ផាក និង ​ប្តឹង​ចោទប្រកាន់​ដោយ ​ឈ្មោះ ធី ទេវី ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ បុរី​ពិភពថ្មី ឈូក​មាស មាន​ទីតាំងនៅ​ម្តុំ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ជា​តំណាង​ក្រុមហ៊ុន។

បើតាម​ខ្លឹមសារ​បណ្តឹង​ចោទ​របស់​ ឈ្មោះ ធី ទេវី បាន​បញ្ជាក់​ថា នៅមុន​ពេល​កើត​ហេតុ ឈ្មោះ តាន់​ឈី​កឹង គ្រី​ស្តូ​ភើ (TAN CHEEKEONG CRISTOPHER) បាន​ចូល​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ក្រុមហ៊ុន មានមុខ​តំណែង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​លក់ ប៉ុន្តែ​ក្រោយមក​គេ​បានធ្វើ​សកម្មភាព​លួច​លុយ​ក្រុមហ៊ុន​អស់​ចំនួន​២៦១.២០០​ដុល្លារ​អាមេរិក ដែល​ខាង​គណនេយ្យ​របស់​ក្រុម​ទើបតែ​ស្រាវ​ជ្រាវ​រកឃើញ​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ ទើប​លោក​ថៅកែ​ក្រុមហ៊ុន​ហៅ​មក​សួរនាំ និង​បញ្ជា​ចាប់ខ្លួន​ភ្លាម ​យក​ទៅ​ប្រគល់ឲ្យ​សមត្ថកិច្ច​នគរបាល​សង្កាត់​អូរបែកក្អម ខណ្ឌ​សែន​សុខ ចាត់ការ​តាមផ្លូវ​ច្បាប់។

តាម​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន បាន​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ ​បាន​ធ្វើ​សកម្មភាព​លួច​ដក​យក​លុយ​ក្រុមហ៊ុន​ចំនួន​៥​ដង​ មិន​ចាំ​ខែ​ថ្ងៃ គឺ​លើក​ទី​១ អស់​ចំនួន​៤២.០០០​ដុល្លារ លើក​ទី​២ ចំនួន​២១.៧០០​ដុល្លារ លើក​ទី​៣ ​ចំនួន​១៧.៥០០​ដុល្លារ លើក​ទី​៤ ​ចំនួន​៨០.០០០​ដុល្លារ និង​លើក​ទី​៥​ អស់​ចំនួន​១០០.០០០​ដុល្លារ សរុប​អស់​ចំនួន​២៦១.២០០​ដុល្លារ។

ជនជាប់សង្ស័យ​ ត្រូវបាន​ខាង​ក្រុមហ៊ុន​វាយ​ប៉ោង​ភ្នែក​ខាង​ស្តាំ ដោយសារ​កំហឹង​មុនពេល​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​សួរនាំ ​និង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu