ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិ និង សង្គមស៊ីវិល ជាពិសេសក្រសួងកិច្ចការនារី ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល សូមបន្តកិច្ចខិតខំប្រឹងប្រែងតទៅទៀត ដោយធ្វើយ៉ាងណាពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង និងជំនាញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។
សម្តេចប្រធានរដ្ឋសភាបានសំណូមពរយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ព្រឹកថ្ងៃទី ៤ ខែមីនា នៅវិមានរដ្ឋសភា។
សម្តេច បានប្រកាសពីការគាំទ្រ និងអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារីក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» គឺស្របតាមបរិការណ៍របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញជាសកម្មភាពគន្លឹះ ក្នុងការអនុវត្តគោលនយោបាយជាតិ និងគាំពារសង្គម ក្នុងគោលដៅផ្តោតសំខាន់ទៅលើការលើកកម្ពស់សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្ត្រីកម្ពុជានៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
សម្តេចបានកោតសរសើរចំពោះជោគជ័យទាំងឡាយ ដែលលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំង សហការី បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងបុព្វហេតុដើម្បីស្ត្រី ក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរក្នុងសង្គម។ សម្តេចក៏បានសំណូមពរដល់សមាជិកសភាស្ត្រី និងក្រុមសភាជាតិ នៃអ្នកនយោបាយស្ត្រី ដែលដឹកនាំដោយ លោកជំទាវ ឃួន សុដារី ត្រូវបន្តចូលរួមចំណែកឲ្យកាន់តែសកម្មថែមទៀត ដោយសហការជាមួយភាគីពាក់ព័ន្ធ ក្នុងបុព្វហេតុរបស់ស្ត្រី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅការពារ និងលើកកម្ពស់សិទ្ធរបស់ស្ត្រី និងក្មេងស្រីក្នុងគ្រប់វិស័យ។ ជាមួយនេះក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិ និង សង្គមស៊ីវិល ជាពិសេសក្រសួងកិច្ចការនារី ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងតទៅទៀត ដោយធ្វើយ៉ាងណាពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង និងជំនាញ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ រវាងបុរស និងស្ត្រី៕
Source: Kampuchea Thmey Daily
0 Comments