កំពង់ស្ពឺ ៖ ក្រុមរថយន្តធំៗដែលដឹកខ្សាច់ និងថ្មភ្នំចេញពីការដ្ឋាននានា នៅស្រុកភ្នំស្រួច ទាំងយប់ទាំងថ្ងៃ ដោយមិនគោរពតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពលព្រមទាំង អាជ្ញាធរ បង្កផលប៉ះពាល់ដល់ការរស់នៅដល់ប្រជាពលរដ្ឋ, លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយមន្ត្រីជំនាញរ៉ែ និងអាជ្ញាធរ ក៏បានចុះទៅដោះស្រាយបញ្ហានេះ ជូនពលរដ្ឋជាម្ចាស់ឆ្នោតផងដែរ។
ជាក់ស្តែង កាលពី ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០ យប់នេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកម្លាំង ជំនាញនៃអធិការដ្ឋានស្រុកភ្នំស្រួចចំនួន ១៥នាក់ ចូលរួមជាមួយមន្ត្រីរ៉ែ និងថាមពល ចំនួន០៣នាក់ បានចុះឃាត់រថយន្តដឹកថ្ម ១២រថយន្តដែលដឹកល្មើសតាមកិច្ចសន្យា (ដឹកពេលយប់) ដែលបង្កឱ្យមានដីហុយប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅចំណុចផ្លូវលំវត្តត្រពាំងឱប ស្ថិតនៅក្នុងភូមិសេរីវ័ន្តឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមច្បាប់។
ក្នុងនោះដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ៧ឃុំ ក្នុងស្រុកភ្នំស្រួច អំពីផលប៉ះពាល់ដែលបណ្តាលមកពីអាជីវកម្មរ៉ែខ្សាច់ និងថ្ម លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និង ក្រុមការងារបានអញ្ជើញភាគីដែលពាក់ព័ន្ធរួមមាន តំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរខេត្ត ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន ដើម្បីពិភាក្សា ជំរុញឱ្យមានការដោះស្រាយ។
ការប្រជុំដោះរវាងភាគីពាក់ព័ន្ធគ្រប់ជំនាញ និងប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី បានឈានទៅដល់ការអនុវត្តជាក់ស្តែងលើចំណុចដែលបានឯកភាពមួយចំនួនដែលក្នុងនោះរួមមាន៖ ១- សកម្មភាពនៃការកិន និងការបំផ្ទុះ មិនត្រូវធ្វើហួសពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ល្ងាច។ ២- ការស្រោចទឹកថ្នល់ជាប្រចាំដើម្បីបញ្ចៀសផលប៉ះពាល់ដល់ជីវភាព និងសុខភាពប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ ៣- ការដឹកជញ្ជូនត្រូវរក្សានូវគម្លាតយ៉ាងតិច ១៥០ម៉ែត្រ ពីរថយន្តមួយទៅរថយន្តមួយ និងដោយរក្សាល្បឿនយឺតបំផុតនៅក្នុងទីប្រជុំជន។ ៤- ក្រុមហ៊ុនត្រូវរួមគ្នាចេញបដិភាគជួសជុលផ្លូវ ដែលរងការខូចខាតដោយសារការដឹកជញ្ជូនរបស់ខ្លួន។
គួររំឭកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះការវិនិយោគធនធានរ៉ែ ដើម្បីចូលរួមចំណែកចំពោះតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច តែការប្រកបអាជីវកម្មនោះត្រូវគោរពតាមបទដ្ឋានបច្ចេកទេស មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សហគមន៍ ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋឡើយ។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបញ្ជាក់ថា ក្រុមការងារនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការអនុវត្តនូវកិច្ចព្រមព្រៀងខាងលើ ធ្វើយ៉ាងណាដើម្បីធានាអោយបាននូវភាព «ឈ្នះ ឈ្នះ» សម្រាប់ភាគីទាំងអស់នៅក្នុងរឿងនេះតែម្តង៕
Source: Kampuchea Thmey Daily
0 Comments