ភ្នំពេញ ៖ សិស្សនិស្សិតកម្ពុជាចំនួន១១០នាក់ បានអាហារូបករណ៍ទៅសិក្សាជំនាញសំខាន់ចំនួន៣គឺ ផ្នែកអគ្គិសនី, ផ្នែកជួសជុល និងដំឡើងរថយន្ត និង ផ្នែកគ្រូមតេយ្យភាសាចិន នៅប្រទេសចិន រយៈពេល៣ឆ្នាំ ក្រោមជំនួយឧបត្ថម្ភពីសមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស «Overseas Chinese Charity Foundation of China (OCCFC)» ដែលបានទទួលអាហារូបករណ៍ផ្តល់ដល់សមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន។
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិស្សិតទាំង១១០នាក់នេះបានធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។
ឧកញ៉ា កែវ មុំ អនុប្រធានសមាគមមូលនិធិសុខុមាលភាពសាធារណៈកម្ពុជា-ចិន មានប្រសាសន៍ថានេះគឺជាជាកម្មវិធីផ្តល់អាហារូបករណ៍លើកទី២ហើយ បន្ទាប់ពីកម្មវិធីផ្ដល់អាហារូបករណ៍លើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៨ កន្លងមក សមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន ជ្រើសរើសបាននិស្សិតចំនួន៤៩នាក់ទៅសិក្សានៅគ្រឹះស្ថានទាំងនោះ។ ដោយឡែកក្នុងឆ្នាំ២០១៩នេះ សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស ផ្តល់ជូនចំនួន២០០នាក់ ប៉ុន្តែសមាគមមូលនិធិសុខុមាលភាពសាធារណៈ កម្ពុជា ចិន ជ្រើសរើសបាននិស្សិតត្រឹមតែចំនួន១១០នាក់ សម្រាប់ទៅសិក្សាជំនាញទាំងបីខាងលើ។ និស្សិតដែលត្រូវជ្រើសរើសទៅសិក្សានៅប្រទេសចិនទាំង១១០នាក់ នឹងត្រូវសិក្សាភាសាចិនកម្រិតមូលដ្ឋានចំនួន២ខែ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មុននឹងចេញទៅសិក្សាជំនាញបច្ចេកទេសនៅប្រទេសចិន។
និស្សិតដែលទទួលបានអាហារូបករណ៍ គឺទទួលបានការឧបត្ថម្ភគាំទ្រច្រើនពីភាគីចិន ដូចជា សំបុត្រយន្តហោះទៅមកកម្ពុជា-ចិនម្តងក្នុង១ឆ្នាំ ថ្លៃសិក្សា កន្លែងស្នាក់នៅ ប័ណ្ណធានារ៉ាប់រងសុខភាព ក្នុងអំឡុងពេលទទួលបានអាហារូបករណ៍ ជាដើម។ ឧកញ៉ា កែវ មុំ បានបញ្ជាក់ថា នឹងខិតខំស្នើសុំអាហារូបករណ៍ពីភាគីចិនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេស។ ធនធានមនុស្សជារឿងសំខាន់ជាងគេ អ្នកដែលទៅសិក្សានៅប្រទេសចិន ត្រូវតែធ្វើជាសិស្សគំរូល្អ និងជួយរំឭកដាស់តឿនគ្នា ខិតខំរៀនសូត្រ ជាគំរូដល់សិស្សដែលមកពីបណ្តាប្រទេសអាស៊ានផ្សេងទៀត។
បើតាមលោក Xu Dian Wei អគ្គលេខាធិការ សមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស បានបញ្ជាក់ដែរថា នៅក្នុងកម្មវិធីអាហារូបករណ៍នេះ និស្សិតនឹងចូលរួមរយៈពេល ៣ឆ្នាំ ហើយនៅឆ្នាំនីមួយៗ និស្សិតនឹងត្រូវទទួលការសិក្សា៦ខែនៅគ្រឹះស្ថានសិក្សា និង៦ខែទៀត ត្រូវចុះទៅអនុវត្តផ្ទាល់នៅតាមរោងចក្រសហគ្រាសនានា។ លោក បានបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សា នឹងមានសមត្ថភាពបំពេញការងារជាអ្នកគ្រប់គ្រង តាមជំនាញឯកទេសរបស់ខ្លួន។ និស្សិតកម្ពុជា ដែលទទួលអាហារូបករណ៍ទាំងអស់ អាចដាក់ពាក្យជ្រើសរើសគ្រឹះស្ថានសិក្សា តាមជំនាញ ក្នុងចំណោមគ្រឹះស្ថានសិក្សា ដូចខាងក្រោម ១. សាលាបច្ចេកទេសវិស្វកម្មមេកានិច និងអគ្គិសនី (Technical College of Mechanical and Electrical Engineering) ២. សាលាបច្ចេកទេសអភិរក្ស (Conservancy Technical College)៣. វិទ្យាស្ថានបច្ចេកវិជ្ជា Wuhu (Wuhu Institute of Technology) និង សាលាអប់រំក្មេងមិនទាន់គ្រប់អាយុចូលរៀន HEFEI (HEFEI Preschool Education College)។
នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានចែករំលែកបទពិសោធន៍ក្នុងនាម លោកធ្លាប់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្សីកាលពី៣០ឆ្នាំមុន។ ក្នុងនោះលោកបានជំរុញនិងលើកទឹកចិត្តដល់សិស្ស និស្សិតពេលទៅរៀនត្រូវមានការតាំងចិត្តខ្ពស់ថា មិនសំខាន់ខ្លួនយើងជាកូនអ្នកមានឬជាកូនអ្នកក្រនោះទេ ត្រូវប្តេជ្ញាចិត្តថា ទៅណានឹងយកអ្វីត្រឡប់មកវិញ។ កាលណាទៅរៀននៅប្រទេសគេ យើងក្លាយជាអ្នកឯករាជ្យលើផ្នែកហូបចុកយើងត្រូវរៀបចំដោយខ្លួនឯង កម្មវិធីសិក្សាត្រូវកំណត់ដោយខ្លួនឯងពេលត្រឡប់មកដល់ផ្ទះនិងត្រូវគិតថាពេលរៀនចប់ត្រូវធ្វើអី? លោកបានទាញការចាប់អារម្មណ៍ដល់សិស្សនិស្សិតយើងថា តើរៀនជំនាញរួចហើយធ្វើការឱ្យគេ ឬបង្កើតការងារមួយសម្រាប់ខ្លួនឯង។ ឧទាហរណ៍ អ្នកទៅរៀនជំនាញគ្រូមតេយ្យភាសាចិន តើរៀនចប់ត្រឡប់មកវិញ ត្រូវទៅធ្វើការឱ្យគេ ឬ បង្កើតសាលាមត្តេយ្យដោយខ្លួនឯង? នៅកម្ពុជា មានកូនចៅចិនច្រើនណាស់ ហើយទាំងនេះ សុទ្ធតែជាឱកាសដែលត្រូវចាប់យក។ លោកថា ជាតិសាសន៍មួយរីកចម្រើនគឺទី១លក់កម្លាំងពលកម្ម ទី២ប្រាជ្ញា ទី៣ លក់ទេពកោសល្យ និងទី៤បង្កើតឱកាស។ តើនរណាបង្កើតឱកាសគឺពេលដែលយើងមានជំនាញនិងមានចំណេះយើងបង្កើតឱកាសដោយខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments