ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីក្រសួង សាធារណការ និង ដឹកជញ្ជូន ដែលកាសែតកម្ពុជាថ្មីទទួលបានអោយដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ រហូតមកដល់ពេលនេះសម្រេចបាន ៥២ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខនេះ។
សូមបញ្ជាក់អោយដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឆ្លងកាត់ ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងផ្លូវតភ្ជាប់សងខាង ស្ពាននេះ ត្រូវបានបើកការដ្ឋាន កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ស្ពាននេះ មានប្រវែងសរុប ១.១៣១ ម និង ទទឹង១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក គ្រោង ចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយ ផលប៉ះពាល់ និងបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គម្រោងស្ពាននេះ សាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (Shanghai Construction Group) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។
តាមគម្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេលចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខ។
គួរកត់សម្គាល់ផងដែរថា ៖ កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងនៅត្រើយខាងកើត និងត្រើយខាងលិច អាចធ្វើដំណើរ និងទំនាក់ទំនងគ្នាទៅវិញទៅមកបានតាមរយៈការជិះទូកដ ឬសាឡាងចម្លងកែច្នៃតូចៗ ដែលពួកគាត់តែងតែជួបនូវការលំបាក គ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាព ក្នុងការដឹកជញ្ជូនទំនិញនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments