ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសគាំទ្រ និង អំពាវនាវដល់ក្រុមហ៊ុនផ្សេងៗទៀតបន្តខិតខំប្រមូលទិញស្រូវស្តុកទុក ក្នុងតម្លៃសមរម្យ រួចធ្វើការកែច្នៃដើម្បីនាំចេញ ឆ្លើយតបបានទាន់ ពេលវេលាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។
ការប្រកាសរបស់លោក រដ្ឋមន្ត្រី បានធ្វើឡើងកាលពីចុងសប្តាហ៍មុន ខណៈពេលដែលលោកអញ្ជើញចុះពិនិត្យមើលសកម្មភាពប្រមូលទិញស្រូវរបស់ក្រុមហ៊ុនលោកឧកញ៉ាលឹម ប៊ុនណា នៅស្រុកស្ទោង។
ក្រសួងកសិកម្មបានឲ្យដឹងថា តាមផ្លូវធ្វើដំណើរត្រឡប់មកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពី “កិច្ចព្រមព្រាងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប រួចមក លោកបានឈានចូលពិនិត្យមើលសកម្មភាពប្រមូលទិញស្រូវរបស់ក្រុមហ៊ុនលោកឧកញ៉ាលឹម ប៊ុនណា នៅស្រុកស្ទោង។
តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងបានឲ្យដឹងថា ដោយទទួល បានការអំពាវនាវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បច្ចុប្បន្នក្រុមហ៊ុនបានប្រមូលទិញស្រូវប្រាំងក្នុងតម្លៃសមរម្យ ពីប្រជាកសិករបានប្រមាណជាជាង ១ ម៉ឺនតោនរួចហើយ ក្នុងតម្លៃ ៧១០-៧២០រៀន/kg យកមកសម្ងួត និងស្តុកទុកក្នុងឃ្លាំង ហើយកំពុងបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត។ សកម្មភាពនេះគឺបានជួយជ្រោងតម្លៃស្រូវមិនឲ្យធ្លាក់ចុះក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម កន្លងមក ដែលបានឆ្លើយតបបានទាន់ ពេលវេលាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ជារបស់ក្រសួងក្នុងការចូលរួមពីវិស័យឯកជនយ៉ាងមានប្រសិទ្ធភាពដើម្បីធ្វើការប្រមូលទិញស្រូវ រួចធ្វើការកែច្នៃសម្រាប់នាំចេញ។
នាឱកាសនោះ រដ្ឋមន្ត្រីបានគាំទ្រ លើកទឹកចិត្ត និងបានអំពាវនាវដល់ក្រុមហ៊ុនផ្សេងៗទៀតបន្តខិតខំប្រមូលទិញស្រូវស្តុកទុក ក្នុងតម្លៃសមរម្យ រួចធ្វើការកែច្នៃដើម្បីនាំចេញ៕
Source: Kampuchea Thmey Daily
0 Comments