ភ្នំពេញ ៖ នៅពាក់កណ្តាលខែកុម្ភៈ រហូតដើមខែមីនានេះ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានប្រើប្រាស់កម្លាំងចុះទៅធ្វើការហាមឃាត់រថយន្តធុនធំដែលឆ្លងកាត់ទឹកដីខណ្ឌមានជ័យក្នុងម៉ោងហាមឃាត់។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី៤ ខែមីនា នេះថាមកដល់រសៀលថ្ងៃនេះ គឺកម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ កំពុងដំណើរការហាមឃាត់រថយន្តធុនធំឆ្លងកាត់មូលដ្ឋានខណ្ឌចូលទៅក្នុងរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ដែលចេញដោយសាលារាជធានីភ្នំពេញ។
ហើយការចាប់ឃាត់នេះ ពុំមែនឲ្យដោះលែងទៅវិញដោយគ្រាន់តែសុំទោសប៉ុណ្ណោះទេ គឺតម្រូវឲ្យឃាត់ទុកនៅសាលាខណ្ឌមិនតិចជាង១០ថ្ងៃនោះទេ។
លោកពេជ្រ កែវមុនី បានបញ្ជាក់ទៀតថា ម៉ោងហាមឃាត់រថយន្តធុនធំចូលក្នុងរាជធានីភ្នំពេញនោះ គឺចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង២១យប់។ ចំពោះកម្លាំងចំរុះដែលចុះទៅតាមគោលដៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យត្រូវបានដាក់តាមដងផ្លូវចាប់ពីមុនម៉ោង៦ព្រឹករហូតដល់ផុតម៉ោងហាមឃាត់។ អញ្ចឹងទេរាល់ម្ចាស់ក្រុមហ៊ុនទាំងឡាយ ដែលមានរថយន្តធំកំពុងដំណើរការអាជីវកម្មសូមគោរពនូវម៉ោងហាមឃាត់ឲ្យបានគ្រប់ៗក្រុមហ៊ុន។ បើពុំដូច្នោះទេអាជ្ញាធរមិនអធ្យាស្រ័យ ខណៈពេលដែលបន្តឲ្យរថយន្តធំរបស់ខ្លួនធ្វើដំណើរឆ្លងកាត់មូលដ្ឋានខណ្ឌមានជ័យនោះ៕
Source: Kampuchea Thmey Daily
0 Comments