Ad Code

អតីត​សមាជិក​គណៈកម្មាធិការ​នាយក​របស់​អតីត​បក្ស​ប្រឆាំង​១​រូប​ទៀត ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឱ្យ​ធ្វើ​នយោបាយ​ឡើងវិញ



ភ្នំពេញ ​៖ លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​ជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​នោះ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ ផ្តល់​នីតិសម្បទា​ឱ្យធ្វើ​នយោបាយ​ឡើងវិញ​ហើយ នេះ​បើតាម​​​ព្រះរាជ្យក្រឹត្យ​ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩។

ព្រះរាជក្រឹត្យ​របស់​មហា​ក្សត្រ ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩ បាន​ចែងថា “​ត្រូវ​បានផ្ដល់​នីតិសម្បទា​ឡើងវិញ​ដល់ ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី កើត​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​១៩៧៦ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥ ឆ្នាំ តាម​អំណាច​សាលដីកា​លេខ ៣៤០ (​ឆ​) ចុះ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ របស់​តុលាការ​កំពូល​”​។

លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ស្ថិតក្នុង​លំដាប់​លេខ​រឿង​ទី​៤៤ នៅក្នុង​បញ្ជី​អ្នកនយោបាយ ដែល​ត្រូវបាន​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ របស់​តុលាការ​កំពូល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ហើយ​ជាម​នុស្ស​ទី​៣ ដែល​ទទួលបាន​ការផ្តល់​នីតិសម្បទា ឱ្យធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​លោក គង់ គាំ និង​លោក គង់ បូរ៉ា ក្នុងចំណោម​មនុស្ស​ចំនួន​១១៨​នាក់ ដែល​ត្រូវបាន​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ហើយ​ការទទួលបាន​ការលើក​បម្រាម​នយោបាយ​នេះ ក្រោយពេល​មានការ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥ (​ស្ទួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កាលពីដើម​ខែមករា។ វិសោធនកម្ម​មាត្រា​នេះ បើកផ្លូវ​ឲ្យ​មន្ត្រី​ជាប់​បម្រាម​នយោបាយ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​មិនចាំបាច់​រង់ចាំ​រយៈពេល​៥ ឆ្នាំ តាម​ការកំណត់​របស់​សាលក្រម​តុលាការ​កំពូល។

លោក ស៊ីម សុវណ្ណនី បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០៣ ខែមីនា ថា អ្វីដែល​លោក​ស្នើសុំ​ដក​បម្រាម​នយោបាយ​នេះ ដោយសារតែ​លោក​ចង់បង្ហាញ​ឲ្យ​មេដឹកនាំ​ទាំងពីរ (​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​) ថា មានតែ​ការនិយាយ​គ្នា ឬ​ចរចា​គ្នា​ទេ ដែល​អាច​ទៅមុខ​បាន ហើយ​ទោះបីជា​លោក​ទទួលបាន​ការដក​បម្រាម​ក៏ដោយ លោក​មិនទាន់​សម្រេច​ធ្វើ​អ្វី​នៅឡើយ​ទេ។

ជាមួយគ្នា​នោះ លោក​អះអាងថា លោក​មាន​ហេតុផល​មួយទៀត​ដែល​សម្រេចចិត្ត​ស្នើសុំ​ការលើក​បម្រាម​នោះ គឺ​មិនយូរ​ទេ អ្នក​ជាប់​បម្រាម​ទាំង​១១៨ នឹងត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើកលែង​បម្រាម​ហើយ និង​បាន​ចូលធ្វើ​នយោបាយ​ឡើងវិញ ដូច្នេះ​លោក​មិនចាំបាច់​រង់ចាំ​រហូតដល់​ពេល​នោះទេ។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា សម្រាប់​មន្ត្រី​របស់​អតីត​បក្សប្រឆាំង ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​ទាំង​១១៥​រូប ដែល​នៅសល់ ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង តើ​គួរ​ជ្រើស​រើសយក​ការប្រើ​សិទ្ធិ​សុំ​ធ្វើ​នយោបាយ​ឡើងវិញ ស្របតាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បាន​បើកផ្លូវ​ឲ្យ​សាមី​ជន​មាន​សិទ្ធិ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ឬក៏​ត្រូវប្រកាន់យក​សីលធម៌​នយោបាយ?

លោក​បញ្ជាក់ថា “​បើ​គិតពី​សីលធម៌​នយោបាយ ច្បាស់​ជា​អត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ទេ មានន័យថា អត់​ទាំងពីរ​។ តែបើ​ជ្រើស​រើសយក​សិទ្ធិ​ធ្វើ​នយោបាយ នោះ​នឹងមាន​សីលធម៌​នយោបាយ​តាម​ក្រោយ​”​។

លោក សុខ ឥសាន លើកឡើង​ដែរ​ថា ”​បញ្ហា​ដែល​គួរកត់សម្គាល់ តាំងពីដើម​មក អតីត​បក្សប្រឆាំង​មិនដែល​គិតពី​សីលធម៌​នយោបាយ​ទេ។ បើ​ចេះ​គិតពី​សីលធម៌​​នយោបាយ ម្ល៉េះ​មិន​មាន​កើតឡើង​នូវ​ហានិភ័យ​ដល់​បក្ស​ប្រឆាំង​នេះ​ឡើយ។ ឥឡូវ​ដល់​ដំណាក់កាល​នេះ​ទៅ​ហើយ ចង់​យក​មួយ​ណា​ក៏បាន ស្រេច​លើ​សិទ្ធិ​របស់​ម្នាក់ៗ​ទេ។ តែបើ​ជ្រើសរើស​ខុស​កុំ​មក​បន្ទោស​អ្នកដទៃ​ឲ្យ​សោះ គឺជា​រឿង​របស់​ឯង​ហើយ​កុំ​ចោទ​ថា គេ​បិទ​សិទ្ធិ​នយោបាយ​ខ្លួន ។ បើ​នៅ​អែអង់​ប្រយ័ត្ន​កប៉ាល់​ចេញ​ចោល”៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu