តាកែវ ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈមានស្ត្រីម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយនៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឃិន ចន្តា ភេទស្រី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរនារីខារ៉ាអូខេ ជុំមិត្ត។
ករណីនេះដែរ តាមសម្តីសន្តិសុខយាមយប់នៅក្នុងផ្ទះសំណាក់ប៉ាអ៊ីម៉ាក់អ៊ី បាននិយាយថា នារីរងគ្រោះ ជានារីបម្រើការងារនៅហាងផឹកស៊ី ជុំមិត្ត ហើយនៅក្នុងយប់កើតហេតុ គឺថ្ងៃទី០៣មីនា នារីរងគ្រោះ រួមជាមួយបុរសម្នាក់ បាននាំគ្នាចូលមកដេកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង១២យប់រំលងអធ្រាត្រថ្ងៃកើតហេតុ លុះដល់ម៉ោងប្រហែលជា១ជាង ឈានចូលថ្ងៃទី០៤មីនា ស្រាប់តែបុរសដែលមកជាមួយនារីរងគ្រោះខាងលើ ចុះមកមុន រួចប្រាប់សន្តិសុខថា ទៅទិញបបរសហូបបន្តិច តែមិនបានវិលមកវិញឡើយ លុះមួយសន្ទុះក្រោយមក សន្តិសុខរូបនោះបានឡើងទៅមើល តែបានឃើញទ្វារបន្ទប់បិទមិនជិត នៅចំហ ហើយឃើញនារីរងគ្រោះនោះកំពុងដេកទាំងអាក្រាតកាយ តែរូបលោកមិនបានដាស់នោះទេ ហើយក៏ទាញទ្វារបិទវិញ រួចក៏ចុះមកក្រោម។ លុះដល់ភ្លឺឡើង ម៉ោងប្រហែលជា១២ថ្ងៃត្រង់ ថ្ងៃទី០៤ ទើបប្រាប់ឲ្យអ្នកសំអាតនោះទៅដាស់នារីរងគ្រោះ លុះអ្នកសំអាតបន្ទប់ឡើងទៅមើល ក៏បានដឹងថា នារីគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏មានការផ្អើលឆោឡោ ប្តឹងប៉ូលិសតែម្តង។
ក្រោយពេលធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញលោកនៅមិនទាន់បង្ហើបឲ្យដឹងពីករណីនារីដេកស្លាប់នៅក្នុងផ្ទះសំណាក់នេះកើតឡើងមកពីមូលហេតុអ្វីឲ្យច្បាស់ការនៅឡើយទេ តែបាន និងកំពុងដុតដៃដុតជើងខ្លាំងជាមួយនឹងការសើបអង្កេតបន្ត។
ជុំវិញករណីនេះ មតិរបស់ប្រជាពលរដ្ឋដែលមកមើលហេតុការណ៍ខាងលើ បាននាំគ្នានិយាយថា អាចជាករណីឃាតកម្មច្រើនជាងធ្វើអត្តឃាត៕
Source: Kampuchea Thmey Daily
0 Comments