នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៩ គណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ អូឡែក សាលយូកូ (OLEG SALYUKOV) អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពសហព័ន្ធរុស្សី នៅក្រសួងការពារជាតិរុស្សី នៃរដ្ឋធានីមូស្គូ។
នៅក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានពិភាក្សាការងារ ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពសហព័ន្ធរុស្ស៉ីបានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកនៅទីក្រុងមូស្គូ។ លោកបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹង ពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ កងទ័ពជើងគោកសហព័ន្ធរុស្សី នឹងបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពសហព័ន្ធរុស្សី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។
លោកឧត្ដមសេនីយ៍ឯក បានបន្តថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-រុស្សី។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អនៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជាជាយូរណាស់មកហើយ។
ក្នុងថ្ងៃដដែល ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធជូនចំពោះវីរជននៃសហព័ន្ធរុស្ស៊ីនៅទីលានក្រហមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments