កំពង់ឆ្នាំង ៖ លោកស្នងការរងនគរបាលខេត្តម្នាក់ មានជំងឺប្រចាំកាយ បានទទួលអំណោយពីលោកស្នងការនគរបាលខេត្ត និងមិត្តភ័ក្ដិនៅក្នុងអង្គភាព ដែលនេះគឺជាការយកចិត្តទុកដាក់ និងគិតគូរដល់កូនចៅ ក្នុងនាមជាម៉ែ ជាឪ និងជាថ្នាក់ដឹកនាំពីសំណាក់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
លោក បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅផ្តល់ជូន លោក កែ ប៊ុនរិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដល់លំនៅដ្ឋាន នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹក២៥ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងការផ្តល់ជូននូវអំណោយមនុស្សធម៌ខាងលើនេះ ធ្វើឲ្យលោកឧត្ដមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ដែលមានជំងឺប្រចាំកាយកំពុងព្យាបាលនៅក្នុងលំនៅដ្ឋាន មានក្តីរំភើបក្នុងចិត្តយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ក្នុងពេលដែលបានទទួលការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីនគរបាលជាមិត្តភ័ក្ដិរួមការងារនៅក្នុងអង្គភាព។
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់ លោក កែ ប៊ុនរិទ្ធ សូមលោកយកចិត្តទុកដាក់ព្យាបាលជំងឺឲ្យបាលល្អ ដោយត្រូវលេបថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឲ្យជំងឺឆាប់ជាសះស្បើយ ហើយមានការខ្វះខាតអ្វីមួយត្រូវរាយការណ៍ជូនអង្គភាព ដើម្បីជួយដោះស្រាយបានទាន់ពេលវេលា ដែលរឿងនេះ គឺជាការតបស្នង នៃការខិតខំធ្វើការងារកន្លងមក និងជាការជួយគ្នាទៅវិញទៅមកក្នុងពេលជួបការលំបាក និងដើម្បីរឹតចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំ។
នៅក្នុងពេលនោះដែរ លោក កែវ ប៊ុនរិទ្ធ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្នងការ លោកស្នងការរង និងមិត្តភ័ក្ដិក្នុងអង្គភាពដែលបានគិតគូរ យកចិត្តទុកដាក់ចំពោះរូបលោក ដោយលោក នឹងយកថវិកាមួយចំនួននេះ ខំព្យាបាលជំងឺឲ្យឆាប់ជា ដើម្បីបានធ្វើការងារនៅក្នុងអង្គភាពក្នុងពេលឆាប់ៗនេះវិញ។
ដោយឡែក អំណោយដែលលោកស្នងការ លោកស្នងការរង និងមន្ត្រីនគរបាល នាំយកមកប្រគល់ជូន លោក កែ ប៊ុនរិទ្ធ នៅពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន៣លានរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments