កំពង់ឆ្នាំង ៖ គ្រោងដែករូបនិមិត្តសញ្ញាខេត្តកំពង់ឆ្នាំងមួយកន្លែង ត្រូវបានរថយន្តបុកបាក់ខ្ទេចខ្ទីព្រោះតែអត់បានបើកភ្លើងបំភ្លឺនៅពេលយប់។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៣និង៤០នាទីយប់ទៀបភ្លឺ ឈានចូល ថ្ងៃទី25 ខែមីនា ឆ្នាំ2019 នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
មន្ត្រីនគរបាលប៉ុស្តិ៍កំពង់ឆ្នាំងបានឲ្យដឹងថា តាមការចុះស្រាវជ្រាវ ប្រជាពលរដ្ឋដែលរស់នៅជិតនឹងចំណុចកើតហេតុ បានប្រាប់ថា នៅពេលទៀបភ្លឺប្រមាណម៉ោង3 និង40នាទី ពួកគាត់បានឮសូរប្រាវយ៉ាងខ្លាំង នៅចំណុចលើផ្លូវជាតិមុខផ្ទះរបស់ពួកគាត់ ពេលគាត់បានចេញមកមើលឃើញគ្រោងដែកដែលជានិមិត្តសញ្ញាខេត្តកំពង់ឆ្នាំងនោះ បានបាក់រាបដល់ដី ហើយរថយន្តនោះក៏បានគេចខ្លួនបាត់ទៅដោយសុវត្ថិភាព។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ករណីដែលរថយន្តបានបុកបាក់គ្រោងដែកនិមិត្តសញ្ញានេះក៏ដោយសារតែ គ្រោងដែក តាំងលំអនេះ ពុំបានបើកភ្លើងនៅពេលយប់ ដែលជាហេតុធ្វើឲ្យរថយន្តធំៗនៅពេលជៀសគ្នា ឬវ៉ាគ្នា បានប៉ះទង្គិច ទើបធ្វើឲ្យគ្រោងនិមិត្តសញ្ញានេះបាក់ខូចខាត។
ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ស្នើសុំអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយបើកភ្លើងលើគ្រោងដែកនិមិត្តសញ្ញាខេត្តកំពង់ឆ្នាំងនេះ នៅពេលយប់ ទើបអ្នកបើកបររថយន្តងាយនឹងមើលឃើញច្បាស់ ដើម្បីជៀសវាងការបាក់ខូចខាតលើករណីខាងលើនេះ។
ម្យ៉ាងទៀត គ្រោងដែកនិមិត្តសញ្ញានេះ នៅកន្លែងមួយចំនួនមានទំហំតូច និងទាប ដែលពេលរថយន្តខ្ពស់ៗបើកឆ្លងកាត់ ឬពេលវ៉ាជែងគ្នា ពិតជាប៉ះបាក់បែកខូចខាតជៀសមិនរួចឡើយ យកល្អ គួរតែរើរុះទុកដាក់ទៅ។
ដោយឡែក មន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោងដែកជានិមិត្តសញ្ញាខេត្តកំពង់ឆ្នាំងខាងលើនេះ គណៈកម្មាធិការរៀបចំបុណ្យទន្លេខេត្តកំពង់ឆ្នាំង បានរៀបចំចំនួន75 កន្លែង នៅក្នុងទីក្រុងកំពង់ឆ្នាំង ដើម្បីស្វាគមន៍បុណ្យទន្លេនៅក្នុងទីក្រុងកំពង់ឆ្នាំង ហើយមកដល់ពេលនេះ អាជ្ញាធរខេត្តមិនទាន់បានរៀបចំរើរុះទុកដាក់នៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments