បន្ទាយមានជ័យ ៖ ស្របពេលដែលជំងឺប៉េស្តជ្រូក បានផ្ទុះឡើង នៅប្រទេសមួយចំនួនលើពិភពលោក និងតំបន់ផ្សេងផង ដូចជា ប្រទេសវៀតណាមនោះ ក្រសួងពាក់ព័ន្ធនឹងអាជ្ញាធរ នៃខេត្តជាប់ព្រំដែនខាងកើត បានចេញសារាចរណែនាំ និងទប់ស្កាត់ការនាំចូលជ្រូកដែលគ្មានច្បាប់អនុញ្ញាត និងខ្វះការត្រួតពិនិត្យពីជំនាញឲ្យបានត្រឹមត្រូវ។ ប៉ុន្តែការនាំចូលជ្រូកនៅព្រំដែនខាងលិច និងខាងកើត ពីសៀម និងប្រទេសវៀតណាមមកកម្ពុជា មានការកើនឡើងទ្វេដងថែមទៀត ព្រោះជិតចូលថ្ងៃឆេងម៉េង និង ចូលឆ្នាំខ្មែរ។
ពីខាងលិច គឺការនាំចូលជ្រូកពីប្រទេសថៃ តាមច្រកតំបន់ចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ច្រកតំបន់បឹងត្រកួន និងច្រកតំបន់ម៉ាឡៃ ហើយមាន២ក្រុមហ៊ុន ដែលនាំចូល។ សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ មានការនាំចូលជ្រូកពីប្រទេសថៃចំនួន៧៧០ក្បាល។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការនាំចូលជ្រូកពីថៃ មាន២ក្រុមហ៊ុន គឺ ១-ក្រុមហ៊ុនចន្ធូមានជ័យ នាំចូលជ្រូកតាមច្រកតំបន់ម៉ាឡៃ និង ២-ក្រុមហ៊ុនអង្គរសុខ សារិទ្ធ នាំចូលជ្រូកតាមច្រកតំបន់បឹងត្រកួន។
លោកថា កន្លងមក ការនាំចូលជ្រូកពីថៃមានចំនួនតិច ទើបតែពេលនេះ ការនាំចូលជ្រូកមានការកើនឡើងទ្វេដង ពីព្រោះដល់រដូវកាលបងប្អូន ជាប់ខ្សែស្រឡាយចិនឆេងម៉េង។
លោកបានបន្តថា មន្ត្រីជំនាញរបស់លោកបានពិនិត្យមើលលើសុខភាពសត្វយ៉ាងត្រឹមត្រូវ ម្យ៉ាងទៀតក្រុមហ៊ុននាំចូលមានវិញ្ញាបនបត្រ នាំចូល និងលក្ខខណ្ឌ នាំចូលគ្រប់គ្រាន់។
លោក ហ៊ុយ ទូច បញ្ជាក់ថា ការនាំចូលជ្រូកពីថៃ សម្រាប់ថ្ងៃទី២៥មីនា មានចំនួនសរុប៧៧០ក្បាល គឺជ្រូករបស់ក្រុមហ៊ុនចន្ធូមានជ័យ នាំចូលតាមច្រកតំបន់ម៉ាឡៃមានចំនួន៣៧០ក្បាល និង៤០០ក្បាល ជារបស់ក្រុមហ៊ុនអង្គរសុខ សារិទ្ធ នាំចូលតាមច្រកតំបន់បឹងត្រកួន។
ចំណែកជ្រូកវៀតណាមវិញ គេដឹកចេញពីប្រទេសវៀតណាម(ឌឺរិច) យកមកលក់តាមខេត្តបណ្តាក់ដូចខ្យង ហៀរមកដល់ខេត្តបន្ទាយមានជ័យនេះទៀតផង៕
Source: Kampuchea Thmey Daily
0 Comments