ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបប្រជុំជាមួយប្រតិភូវិនិយោគចិន ដែលដឹកនាំ ដោយ លោក ស៊ូ វ៉េ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ និងកំណែទម្រង់ចិន ដើម្បីពិនិត្យមើលគម្រោងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួន៥០ និងក្រុមហ៊ុនចិនចំនួន ៥៩ ដើម្បីចូលរួមពិភាក្សាលើគម្រោងសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ និងផ្លាស់ប្ដូរព័ត៌មានស្ដីពីកាលានុវត្តភាពវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្នុងឧកាស នៃកិច្ចប្រជុំនោះ លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូចិន និងបានជម្រាបជូនភាគីមិត្ត ពីគោលនយោបាយទាក់ទាញការវិនិយោគដែលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងទិសដៅតភ្ជាប់សមត្ថភាពផលិតរបស់កម្ពុជា ស្របតាមគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលជាគុណតម្លៃតំបន់ និងសកលលោក ពិសេសថ្ពក់វិស័យឧស្សាហកម្មកម្ពុជា ជាមួយគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រទេសចិន ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការនេះ៕
Source: Kampuchea Thmey Daily
0 Comments