រតនគិរី ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរវប្បធម៌ និងវិចិត្រ ខេត្តរតនគិរី បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» នៅសាលមហោស្រព សម្ដេចតេជោ ហ៊ុន សែន។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ថង សាវុន អភិបាលខេត្តរតនគិរី។
លោក ថង សាវុន មានប្រសាសន៍ចាត់ទុកទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់រៀបចំឡើងធ្វើជារៀងរាល់ឆ្នាំ ស្របពេលដែលសមិទ្ធផលជាច្រើន នៃវិស័យវប្បធម៌ ត្រូវបានកសាងឡើងក្នុងទឹកដីខេត្តរតនគិរី។
ទន្ទឹមនឹងនោះ ចលនាសិល្បៈទស្សនីយភាព ក៏នៅតែបន្តរីកចម្រើនជាលំដាប់ទទួលបានលទ្ធផលល្អ និងជោគជ័យគួរឲ្យមោទនៈ តាមរយៈមហោស្រពសិល្បៈយុវជនទូទាំងប្រទេស នៅឆ្នាំ២០១៨កន្លងទៅ ដោយក្រុមសិល្បៈយុវជនខេត្តរតនគិរីមានកិត្តិយសទទួលបានពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ចំណាត់ថ្នាក់លើកទឹកចិត្តទូទាំងប្រទេស និង ដោយឡែក ឆ្នាំ២០១៩នេះ ក្រុមសិល្បៈសាលាមធ្យមសិក្សាខេត្តរតនគិរី បានចូករួមមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៥ ទទួលបានលទ្ធផលល្អក្នុងការសម្ដែងកើនឡើងជាងឆ្នាំកន្លងទៅ។
លោក ថង សាវុន បានសម្ដែងនូវមោទនភាពនូវការរីកចម្រើនវិស័យ សិល្បៈ វប្បធម៌ ដែលខេត្តរតនគិរីសម្រេចបាន និងបានចាត់ទុកប្រធានបទ យុវជន ដើម្បីវប្បធម៌ជាតិ ក្នុងទិវាដ៏មានសារៈសំខាន់នេះ ជាការរំលឹក គុណូបការៈ និងស្នាដៃដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ទាំងរូបី និងរូបិយ ដ៏សម្បូរបែបសម្រាប់យើងទាំងអស់គ្នា ដែលជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើនក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារ លើកតម្កើងសម្បត្តិវប្បធម៌ទាំងនេះឲ្យឋិតថេរគង់វង្ស។ ជាពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី បានស្គាល់តម្លៃពិត នៃវប្បធម៌ជាតិកាន់តែច្បាស់ និងមានស្មារតីមុតមាំថែមទៀតក្នុងការរក្សាកេរដំណែល វប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិយើង។
ថ្លែងក្នុងឱកាសនោះ លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺក្នុងគោលបំណងសំខាន់ក្នុងការបំផុសចលនាមហាជន និងប្រជាពលរដ្ឋទាំងអស់ ពិសេសយុវឲ្យចូលរួមគាំទ្ររួមគ្នាថែរក្សាការពារ និងលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងទំនៀម ទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងដោយផ្ទាល់ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍នូវបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយនិរន្តរភាពស្របទៅ និងគោលដៅ « កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌»។
លោករដ្ឋលេខាធិការបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាយើងសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលមានទាំងរូបី និងអរូបី។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ ដោយចាត់ទុកវប្បធម៌ជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរ ដែលមានតម្លៃមហាសាល ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួន ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ បានធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជាបាននិងកំពុងតែល្បីរន្ទឺសុសសាយលើឆាកជាតិ និងអន្តរជាតិ។
លោក សំរាំង កំសាន្ត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានា នៅក្នុងខេត្តរតនគិរីទាំងមូល មេត្តារួមគ្នាជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេន មានការចូលរួមចេះស្រឡាញ់សិល្បៈវប្បធម៌ជាតិ ខ្លួន និងសុំទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នេះជាទិវា នៃការរម្លឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរ គ្រប់ជំនាន់ ហើយទិវានេះ នឹងស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនយើង គ្រប់វ័យ និងគ្រប់រូប ប្រកបដោយស្មារតីស្នេហាជាតិ រួមគ្នារក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្តរ៍។
គួរបញ្ជាក់ថា ក្នុងទិវានេះ ក៏មានការសម្តែងសិល្បៈបែបទម្រង់សិល្បៈខ្មែរ និង បែបទម្រង់សិល្បៈជនជាតិដើមភាគតិចផងដែរ៕
Source: Kampuchea Thmey Daily
0 Comments