កំពង់ឆ្នាំង ៖ អគារថ្មី របស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងថ្មី១ខ្នង បានចាប់ផ្តើមកសាងសង់ជាផ្លូវការ ដោយមានការចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ខូ លី ស្នងការនគរបាលខេត្ត ដោយបានធ្វើពិធីក្រុងពាលីតាមប្រពៃណី កសាងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុងបរិវេណខាងក្រោយអគារសាលាក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោកឧត្ដមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា អគាររបស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងនេះ មានអគារ១ខ្នង ចំនួន១៥បន្ទប់ ចែកចេញជាមាន៩ផ្នែក ដែលជាអំណោយដ៏ថ្លៃ របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមបន្ថែម ពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ឆាយ ខេមរត្ន័ អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ទីតាំងអធិការនគរបាលក្រុង សព្វថ្ងៃ គឺនៅជាប់ស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែដោយសារតម្រូវការក្នុងការបង្កើតការិយាល័យនានាថែមទៀតរបស់ស្នងការខេត្ត បានតម្រូវឲ្យអធិការដ្ឋាននគរបាលក្រុង ផ្លាស់មកនៅក្នុងដីសាលាក្រុងកំពង់ឆ្នាំងវិញ។
ទន្ទឹមគ្នានេះដែរ លោកអធិការ និងមន្ត្រីនគរបាលក្រុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ពិសេសចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់ជួយកសាងអគារអធិការដ្ឋាននគរបាលក្រុងថ្មី ដើម្បីឲ្យមន្ត្រីនគរបាលក្រុង មានការិយាល័យធ្វើការងារត្រឹមត្រូវ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ៕
Source: Kampuchea Thmey Daily
0 Comments