ភ្នំពេញ ៖ យុវសិស្សថ្នាក់ទី១១ នៃវិទ្យាល័យតាខ្មៅម្នាក់ ក្នុងចំណោមគ្នា២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ខណៈដែលពួកគេជិះម៉ូតូឆក់យកទ្រព្យសម្បត្តិរបស់ជនជាតិចិន តែមិនបានសម្រេច ត្រូវចាប់ខ្លួនបានម្នាក់ និងគេចខ្លួនម្នាក់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែង ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរស័ព្ទដៃ) បានកើតឡើងនៅថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០២នាក់) ពីបទលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅចំណុចផ្លូវ១៧៨ កែងព្រះមុនីវង្ស ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យ ត្រូវឃាត់ខ្លួននោះ ឈ្មោះ អ៊ុក សានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរសិស្សថ្នាក់ទី១១H វិទ្យាល័យហ៊ុន សែន តាខ្មៅ ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់(ឃាត់ខ្លួន) និងម្នាក់ទៀត ឈ្មោះ ម៉ាប់ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជាអ្នកបើកម៉ូតូ (គេចខ្លួន)។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិចិន (មិនបានមកដាក់ពាក្យបណ្តឹង ក្រោយពីដណ្តើមយកបានទូរស័ព្ទដៃវិញ។ វត្ថុតាងចាប់យកបានមាន ម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AC1170 លេខតួ លេខម៉ាស៊ីន 5419426(ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។
សមត្ថកិច្ចបានបន្តទៀតថា ដំណើររឿងហេតុនោះ គឺនៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរគ្នាពីរនាក់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីទិសខាងជើង មកទិសខាងត្បូង ពេលដើរមកដល់ចំណុចកែងផ្លូវលេខ១៧៨ ជនរងគ្រោះបានកំពុងកាន់ទូរស័ព្ទចុចមើល ក៏ស្រាប់តែជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងមកពីខាងក្រោយ(បញ្ច្រាសទិស) ដែលជនសង្ស័យ ឈ្មោះ ម៉ាប់ ជាអ្នកបើកម៉ូតូ ហើយ ឈ្មោះ អ៊ុក សានិត អង្គុយពីក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន ហើយជនរងគ្រោះបានស្រែកឆោឡោ ពេលនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងដែលកំពុងល្បាតឃើញបានជិះម៉ូតូដេញតាមពីក្រោយ ឃាត់ខ្លួន បានជនសង្ស័យ ឈ្មោះ អ៊ុក សានិត រួមជាមួយវត្ថុតាងម៉ូតូយកមកទីស្នាក់ការប៉ុស្តិ៍បឹងរាំង ធ្វើការសាកសួរ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាប់ បានរត់គេចខ្លួនបាត់។ រីឯជនរងគ្រោះ បន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃវិញ បានដើរចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹងទេ។
សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមក និងបានកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments