ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចយកកម្រៃសេវាដឹកជញ្ជូនអ្នកដំណើរតាមកាណូត ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការមិនយកកម្រៃអស់រយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ជនមួយចំនួន ក៏មិនត្រូវបានយកកម្រៃសេវាផងដែរ ពោលគឺអនុវត្តទៅតាមសេវាដឹកជញ្ជូនរបស់រថយន្តក្រុងសាធារណៈ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០១៩ ដែលក្នុងសេចក្ដីជូនដំណឹងនេះមានអត្ថន័យដើមទាំងស្រុងដូចខាងក្រោមនេះ ៖
សេចក្ដីជូនដំណឹង ស្ដីពីការយកតម្លៃសេវាកម្មដឹកអ្នកដំណើរសាធារណៈ(Taxi Boat) រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមផ្លូវគោក និងផ្លូវទឹក ក្នុងន័យជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតសេវាកាណូតដឹកជញ្ជូនអ្នកដំណើរពីសួនច្បារឫស្សីកែវ ដល់ក្រុងតាខ្មៅ ដោយបានចាប់ដំណើរការ កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨ ហើយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះដោយមិនបង់ប្រាក់រហូតដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីគោលការណ៍ជិះកាណូតដោយមិនបង់ប្រាក់បានផុតកំណត់នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការកែសម្រួលសេវាកាណូតដឹកអ្នកដំណើរសាធារណៈ(Taxi Boat) និងកំណត់តម្លៃសំបុត្រដូចខាងក្រោម ៖
១.តម្លៃសេវាកាណូតសាធារណៈ ត្រូវបានកំណត់២០០០រៀល ក្នុងមួយនាក់ មួយលើក។
២.ករណីលើកលែង មិនគិតថ្លៃសេវា គឺអនុវត្តដូចសេវារថយន្តក្រុង (City Bus)រួមមាន ព្រះសង្ឃ ជនពិការ សិស្ស និស្សិត ចាស់ជរា អាយុចាប់ពី៧០ឆ្នាំ ឡើងទៅ កុមារមានកម្ពស់ក្រោម១ម៉ែត្រ មកជាមួយឪពុកម្ដាយ ឬអាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនី និងលោកគ្រូ អ្នកគ្រូ នៃស្ថាប័នរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments