Ad Code

កាកបាទក្រហម​កម្ពុជា​ប្រគល់​អង្ករ​ជាង​១០០​តោន​ជូន​ដល់ ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១២​ នៅ​រាជធានី​ភ្នំពេញ



ភ្នំពេញ ​៖​ កាកបាទក្រហម​កម្ពុជា​ បាន​ប្រគល់​អំណោយ​ជា​អង្ករ​ចំនួន​ជាង​១០០​តោន​ជូន​ដល់​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១២​ចំណុះ​ឲ្យ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ធ្វើ​សកម្មភាព មនុស្សធម៌​ជូន​ដល់​ជនរងគ្រោះ​ និង​ជន​ដែល​ងាយ​រងគ្រោះ នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ។

ពិធី​ប្រគល់​ ទទួល​នេះ ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហម​កម្ពុជា​អូរ​បែក​ក្អម ក្នុង​សង្កាត់ ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោកស្រី​ពុំ ចន្ទី​នី អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​កាកបាទក្រហម​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា និង​លោក​ឃួ​ង​ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង​ ស្រេង ​បាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុង​តួនាទី​ជា​ជំនួយការ ឲ្យ​អាជ្ញាធរ​សាធារណៈ លើ​វិស័យ​មនុស្សធម៌ កាកបាទក្រហម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ បាន​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌​ជាច្រើន​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​រួមមាន​ចាស់ជរា​ស្ត្រី​មេម៉ាយ កុមារ​ជន​ពិការ​ និង​ទុរគតជន​ជាដើម​។ ក្នុងនោះ ទោះបី​យើង​មិនអាច​សម្រាល នូវ​ទុក្ខវេទនា​របស់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ឲ្យ​ផុតពី​ទុក្ខលំបាក​បាន ១០០​ភាគរយ​ក្តី​ ប៉ុន្តែ​អ្វីដែល សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ បាន​និងកំពុង​ធ្វើ​សកម្មភាព​មនុស្សធម៌​ប្រចាំ​ថ្ងៃនេះ​គឺជា​រឿង​បេសកកម្ម​ដ៏​ឧត្ដុង្គឧត្ដម ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់ លើក​កម្ពស់​គាំពារ​ថែរក្សា​និង​ផ្ដល់​តម្លៃ​មនុស្សជាតិ។

លោក​ឃួ​ង ​ស្រេង ​បាន​បន្តទៀតថា ចំពោះ​ការ​ប្រគល់​ទទួល​អំណោយ​មនុស្សធម៌​នា​ពេលនេះ​គឺជា​លើក​ទី​២​ហើយ ដែល​គណៈកម្មាធិការ​ក​ណ្តា​ល កាកបាទក្រហមកម្ពុជា ប្រគល់ជូន​គណៈកម្មកា​រ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៥ សម្រាប់​ផ្ដល់​លទ្ធភាព​ដល់​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ទាំង​១២​ចុះ​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ក្នុងន័យ​ឆ្លើយតប​ទាន់​ពេលវេលា​ដោះស្រាយ​ជូន​គ្រួសារ​ក្រីក្រ​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងនោះ​អនុសាខា​នីមួយ​នីមួយ​ត្រូវ​ទទួល​អំណោយ​ជា​អង្ករ​ចំនួន​៩​តោន សរុប​ស្មើនឹង​១០៨​តោន។

ក្នុងឱកាស​នោះដែរ លោក​ឃួ​ង​ស្រេង​ក៏បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ទាំង​១២ សូម​ប្រើប្រាស់​ជំនួយ​មនុស្សធម៌​ដែល​ទទួលបាន​នាពេលនេះ ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​មាន​ប្រសិទ្ធភាព​និង​សូម​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​អង្គការ​អន្តរជាតិ​ជា​ដៃគូ​អភិវឌ្ឍន៍​និង​វិស័យ​ឯកជន​ទាំងអស់​សូម ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ដែល​កំពុង​រង់ចាំ​ការសង្គ្រោះ​ជា​ចាំបាច់​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ។

លោកស្រី​ពុំ ចន្ទី​នី បាន​មានប្រសាសន៍​លើកឡើងថា ​កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន បាន​សម្រួល​ទៅដល់​ខណ្ឌ​ទាំង​១២​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌​នៅក្នុង​រាជធានី​ភ្នំពេញ។ លោកស្រី​បន្តថា ​ក្នុងនាម​ក្នុងនាម​តំណាងអោយ​កាកបាទក្រហម​កម្ពុជា លោកស្រី​នឹង​ខិតខំ​កៀរគរ​រក​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ដើម្បី​រួមចំណែក​ក្នុង​រាជរដ្ឋាភិបាល​ជួយ​ជនរងគ្រោះ​និង​ជន​ដែល​ងាយ​រងគ្រោះ កាត់បន្ថយ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់បាយ​ស្លាប់​ដែល​យើង​មិនដឹង​នោះ​ទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu