កណ្តាល ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋាន កាលពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩បានចុះបង្ក្រាបករណីសញ្ចរកម្ម នៅផ្ទះសំណាក់ សុខ វិសាល ផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ សមត្ថកិច្ចបានសង្គ្រោះ នារីជាអនីតិជនចំនួន៦នាក់ និងឃាត់ខ្លួនជនសង្ស័យ(មេការ)នាំខ្លួនជនរងគ្រោះមកបម្រើផ្លូវភេទម្នាក់។
មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ ឈ្មោះហៅក្រៅ ក្រពុំឈូក ជាមេការធ្វើការនៅហាងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួល ក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើត ភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ជនរងគ្រោះ ទី០១-ឈ្មោះ លីហួ អនីតិជន, ទី០២-ឈ្មោះ ម៉ៅ រក្សា, ទី០៣-ឈ្មោះ សៀង គា ,ទី០៤-ឈ្មោះ ធី ចាន់លីណា,ទី០៥-ឈ្មោះ មុន លក្ខិណា, ទី០៦-ឈ្មោះ ពេជ្រ រតនា។
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងទៀតថា ដោយមានសេចក្ដីរាយការណ៍ពីពលរដ្ឋល្អថា មានមេការម្នាក់ បាននាំស្រីៗជាច្រើននាក់ ទៅផ្ទះ សំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមៗនោះ លោក រស់ សាវិន ប្រធានការិយាល័យការជួញដូរ បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុស/ស្រីជាច្រើននាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៍មកមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញខេត្ត។ ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការិយាល័យជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការ មេត្រី អន្តរជាតិ៕
Source: Kampuchea Thmey Daily
0 Comments