រតនគិរី ៖ ស្ត្រី២នាក់ បានផឹកស្រាជាមួយគ្នាយ៉ាងល្អូកល្អើន បន្ទាប់មកបានផឹកស្រវឹងជោកជាំរៀងៗខ្លួន ហើយបានទាស់ពាក្យសម្ដីគ្នា ជនបង្កបានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់។
ករណីអំពើហិង្សា ដោយចេតនា បានកើតឡើង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចការដ្ឋានទី៨ ក្នុងបរិវេណក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ(វៀតណាម) ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
មន្ត្រីអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថា ជនបង្ក ឈ្មោះ នី ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ រស់នៅភូមិត្រពាំងស្រង់ ឃុំរបាតជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។
ចំណែក ជនរងគ្រោះ ឈ្មោះ ធួន ណាន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនដូចគ្នា រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរងរបួសធ្ងន់ផ្នែកខាងក្រោយខ្នង។
បច្ចុប្បន្ន ជនបង្ក ត្រូវបានកម្លាំងអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន និងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments