ភ្នំពេញ ៖ ដូចដែលមហាជនធ្លាប់បានដឹងគ្រប់គ្នាហើយ ថា តារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស កញ្ញា វ៉ាន់ នីឡា កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ នាងបានរងនូវរឿងរ៉ាវអាស្រូវស្នេហាអាម៉ាស់ស្ទើរតែមិនហ៊ានចេញមុខប្រឈមនឹងទស្សនិកជននោះឡើយ។ ប៉ុន្តែក្រោយពីមានការលើកទឹកចិត្តពីមហាជន ទើបធ្វើឲ្យតារារូបនេះអាចជម្នះបាននូវបញ្ហាទាំងនេះ។
គេចាំបានថា កាលនោះ ដោយសារតែការបរាជ័យស្នេហា រហូតមានការទម្លាយនូវរូបថតអាក្រាតដែលជាភាពអាម៉ាស់មួយរបស់ កញ្ញា វ៉ាន់ នីឡា នោះ ទើបបានជាធ្វើឲ្យនាងស្វែងរកផ្លូវច្បាប់ ដើម្បីជួយទាមទារផ្តល់យុត្តិធម៌ និងផ្ដន្ទាទោសជនល្មើស ដែលបានប្រព្រឹត្ត ពោលគឺអតីតគូស្នេហ៍ ដែលជាមន្ត្រីនគរបាលបម្រើការងារនៅក្រសួងមហាផ្ទៃ។
យ៉ាងណាមិញ បើតាមការកត់សម្គាល់គិតរហូតមកទល់ពេលនេះ ចំពោះរឿងរ៉ាវ នៃក្តីក្តាំរបស់អតីតតារាចម្រៀងស្រី កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ជាមួយនឹងអតីតគូស្នេហ៍ លោក គុយ សិទ្ធិស័ក្ដិ ហាក់គ្មានអ្វីជាលទ្ធផលនោះទេ ខណៈរូបនាង និង លោក សុខ ជំនោរ ដែលត្រូវជាបងប្រុសបង្កើតជារឿយៗ នៅតែបន្តប្រកាសចង់បានយុត្តិធម៌។
ដោយឡែក បើងាកមកចាប់អារម្មណ៍លើការបង្ហោះសារលើកទឹកចិត្តខ្លួនឯង និងដើម្បីបង្ហាញពីភាពរឹងមាំឲ្យមហាជនបានឃើញ ខណៈដែលរឿងរ៉ាវមួយចំនួន នាងតែងជួបបរាជ័យក្នុងជីវិតនោះ កញ្ញា វ៉ាន់ នីឡា បានរៀបរាប់នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួនបែបនេះថា ភាពបរាជ័យជាច្រើនដែលបានកើតឡើងចំពោះខ្ញុំ មិនបានធ្វើឲ្យខ្ញុំខ្លាចនោះទេ ប៉ុន្តែវាបានបង្រៀនឲ្យខ្ញុំចេះប្រយ័ត្ន។
ជាមួយគ្នា នៃការលើកឡើងរបស់តារាចម្រៀងវ័យក្មេង កញ្ញា វ៉ាន់ នីឡា ខាងលើនេះ គេសង្កេតឃើញមានអ្នកគាំទ្រមួយចំនួនធំបានលើកសរសើរលើការតាំងចិត្តរបស់ វ៉ាន់ នីឡា ដែលនាងមានភាពរឹងមាំ មិនទន់ជ្រាយ ក្រោយពេលជួបវិបត្តិបរាជ័យលើផ្លូវជីវិត។ ម្យ៉ាងទៀត ក៏មានមហាជនជាច្រើនបានផ្តល់នូវកម្លាំងចិត្តឲ្យ វ៉ាន់ នីឡា ខំប្រឹងតស៊ូឡើង ដើម្បីភាពជោគជ័យនៅពេលអនាគតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments