ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីការិយាល័យគយ និងរដ្ឋាករក្រុងបាវិត និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមអភិបាលរងខេត្ត ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនរូបទៀត។
បន្ទាប់ពីបញ្ចប់ពិធីនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដោយមានការចូលរួមពីឯកឧត្ដមអភិបាលខេត្ត កងកម្លាំង សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងគណៈប្រតិអមដំណើរ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាព និងសកម្មភាពទូទៅនៅច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្ថិតនៅឃុំសំរោង ស្រុកចន្ទ្រា ផងដែរ ក្នុងគោលបំណងពិនិត្យមើលចរន្តចរាចរ និងការដោះដូរទំនិញគ្នាទៅវិញទៅមករវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ជាពិសេសគឺដើម្បីពង្រឹង និងជំរុញកិច្ចការប្រមូលពន្ធបង់ចំណូលចូលថវិកាជាតិ ឲ្យបានត្រឹមត្រូវ មានគណនេយ្យភាព និង តម្លាភាព ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ណែនាំនានាដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ចេញ៕
Source: Kampuchea Thmey Daily
0 Comments