ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ និងថ្នាំញៀន៣៤កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ធ្វើការបង្ក្រាបជាក់ស្ដែង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៩ ភូមិលូសង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោក គល់ យី អធិការខណ្ឌឫស្សីកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី៨មីនាថា នៅយប់ថ្ងៃទី៧មីនា ជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន ដែលមានដូចជាទី ១-ឈ្មោះ ស្មាស សាហ្វីអី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ វិន យ៉ាំង ថាន់ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះលេខ៦៩១ ផ្លូវលំ ក្រុមទី៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះ ហា ណាហ្វី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ១៤១៦ ផ្លូវជាតិលេខ៥ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។
លោកបន្តថា ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ១.ក្រាមពណ៌សថ្លាចំនួន៣៤កញ្ចប់ ២.ដាវ កែច្នៃ ចំនួន០១ដើម និងទី៣.ទូរស័ព្ទដៃចំនួន៣គ្រឿង។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments