Ad Code

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចូលរួម​សម្ពោធ​ទីស្នាក់ការ​គយ​ក្អម​សំណ ក្នុង​ខេត្ត​កណ្តាល



​កណ្ដាល​ ៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កណ្តាល បាន​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្អម​សំណ រួម​នឹង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​គយ​នៅទីនេះ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ។​

ក្នុងឱកាស​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់រូប ព្រមទាំង​បានផ្តល់​ការណែនាំ​ដល់​មន្ត្រី​គយ ដោយ​សង្កត់ធ្ងន់​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ និង​រដ្ឋាករ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម​៥​ប្រការ​ ​របស់​ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ គឺ ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​គយ​ដែល​ឈរជើង​នៅតាម​ច្រកព្រំដែន​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ទៅលើ​ការទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់ ដែលជា​ហេតុនាំ​ឲ្យ​បាត់បង់​ចំណូល ហើយ​ចំពោះ​ទីស្នាក់ការ​គយ​ក្អម​សំណ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ រួម​នឹង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​គយ​នៅទីនេះ​ផង​នោះ គឺ​អាច​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅលើ​ការ​បំពេញការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​គយ ដែល​ការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ក្នុង​ការ​បំពេញ​ការងារ​របស់​អស់លោក លោកស្រី គឺជា​រឿង​ដែល​ត្រូវ​ធ្វើជា​ចាំបាច់ ក្នុងនាម​យើង ជា​អ្នករាជការ ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​នូវ​សេចក្តីទុកចិត្ត​មកលើ លោក លោកស្រី​។

ឯកឧត្ដម​បាន​គូសបញ្ជាក់ថា បើ​យើង​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ​ដោយ ការ​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​មាន​ការ​រត់ពន្ធ​ឆ្លងកាត់​ព្រំដែន​នោះ មានន័យថា យើង​នឹង​មានការ​ខាតបង់​ថវិកា​ជាច្រើន​ក្នុង​១​ឆ្នាំៗ​ជាក់​ជាមិនខាន​ឡើយ​។​

គួររំលឹកថា តាម​របាយការណ៍​រប​ស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង ថា ការ​ប្រមូល​ពន្ធគយ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ គឺ​ពុំ​មាន​ការ​ថយចុះ​ទេ ដោយ​កាលពី ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ចំណូល​សរុប​មាន​ប្រមាណ​ប្រមាណ​២.៥០០​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង​៣២% ធៀប​នឹង​ឆ្នាំ​២០១៧៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu