បាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរភារកិច្ច មេបញ្ជាការយោធភូមិភាពទី៥ និងមេបញ្ជាការកងពលតូចលេខ៥១ នៅទីបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃ ចន្ទ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនជូនចំពោះនាយទាហាននាយទាហានរង និងពលទាហានទាំងអស់នៃភូមិភាគ៥ និងបណ្តាអង្គភាពចំណុះទាំងអស់ និងបានចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្ត ប្រគល់ភារកិច្ច ដើម្បីជាការឆ្លើយតបទៅនិងគុណបំណាច់ នៃការលះបង់ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃសង្គ្រាម និងចូលរួមការកសាងយោធភូមិភាពនៅទីនេះ ក៏ដូចជាអបអរសាទរដល់មេបញ្ជាការយោធភូមិភាគថ្មី នាយសេនាធិការថ្មី មេបញ្ជាកាកងពលលេខ៥១ថ្មីដែលបានទទួលភារកិច្ច ក្នុងការដឹកនាំកងទ័ពបន្តដើម្បីការពារជាតិ ការពារបូរណភាពទឹកដី។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងទៀតថា ដើម្បីនិរន្តរភាពនៃកិច្ចការពារជាតិ គឺរាជរដ្ឋាភិបាល បានផ្តល់តម្លៃទៅដល់នាយទាហានវ័យចំណាស់ ដែលមានស្នាដៃ ដែលនេះជាគោលការណ៍ ថែរក្សាចាស់ បង្កើនថ្មី និងមានយន្តការជាច្រើនទៀត ដើម្បីចូលរួមការពារជាតិបន្តទៀតសម្រាប់នាយទាហានជំនាន់ក្រោយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា ការតែងតាំង និងការវាយតម្លៃលើលក្ខណ:បុគ្គលដែលត្រូវបន្តភារកិច្ច គឺលើបុគ្គលដែលមានភាពជាគំរូ មានការឯកភាពផ្ទៃក្នុង មានឆន្ទៈ សមត្ថភាពនៅក្នុងការបំពេញភារកិច្ច មានបទពិសោធន៍ដឹកនាំ សុខភាពល្អ និងអាយុសមស្របជា ដើម្បីយើងរួមគ្នាធ្វើដើម្បីបន្តនិរន្តរភាពសម្រាប់នាយទាហានជំនាន់ក្រោយ។ ការលើកទឹកចិត្តផ្សេងៗ យើងធ្វើដោយផ្អែកលើនិរន្តរភាព និងប្រសិទ្ធភាពការងារ។ នេះគឺជាគោលការណ៍របស់ថ្នាក់ដឹកនាំជើងគោកយោធភូមិភាគផងដែរ និងមានការដឹកនាំប្រជុំវាយតម្លៃ និងតែងតាំងជាសមូហភាព ឯកភាពផ្ទៃក្នុង។ លោកបន្តថា កាធ្វើកំណែទម្រង់កងទ័ព គឺដើម្បីផលប្រយោជន៍កងទ័ពយើងទាំងអស់គ្នា គឺយើងរក្សាមនោសញ្ចេតនា និងកែប្រែការងារជាជំហានៗរួមគ្នាសាមគ្គីផ្ទៃក្នុង គោរពតួនាទីភារកិច្ច ដឹកនាំប្រកបដោយវិជ្ជាជីវៈ សីលធម៌ គុណធម៌ ដោយមានមនោសញ្ចេតនា និងប្រសិទ្ធភាពការងារ ដើម្បីរួមគ្នាថែរក្សាបូរណភាពទឹកដី។ តុល្យភាពរវាងចំណុចទាំងពីរនេះ គឺមនោសញ្ចេតនា និងប្រសិទ្ធភាពការងារ មិនមានរូបមន្តនោះទេ ប៉ុន្តែសំខាន់ គឺសម្រេចភារកិច្ច និងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះសាមគ្គីផ្ទៃក្នុងនេះផ្ដើមចេញពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអគុណដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលជាមេបញ្ជាកាអង្គភាពចំណុះ នីមួយៗដែលបានចូលរួម និងលះបង់ក្នុងការធ្វើកំណែទម្រង់ដើម្បីរក្សា និងនិរន្តរភាពការងារ និងទិសដៅវែងឆ្ងាយសម្រាប់កងយោធពលខេមរភូមិន្ទជំនាន់ក្រោយ និងបានកោតសរសើរ នាយទាហាននៅយោធភូមភាគទី៥ ដែលបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត ប្រគល់ភារកិច្ចដើម្បីដឹកនាំបម្រើការងារ ការពារបូរណភាពទឹកដី និងមានការឯកភាពផ្ទៃក្នុង រួមគ្នាពង្រឹងការងារ និងថែរក្សាសន្តិភាព ស្ថិរភាព និងនិរន្តរភាពការងារក្នុងយរៈពេលយូរដើម្បីទុកឲ្យនាយទាហានជំនាន់ក្រោយទៀត៕
Source: Kampuchea Thmey Daily
0 Comments