ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការស្រុក រួមទាំងសមត្ថកិច្ច ចុះសួរសុខទុក្ខ និងស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវការរលំផ្ទះសម្បែង ដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា កន្លងទៅ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ និងភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ មានប្រសាសន៍ឲ្យដឹងថា ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួនពីរឃុំ ក្នុងមូលដ្ឋាន ដែលលោកគ្រប់គ្រង ពេលនោះលោកក៏ចាត់ក្រុមការងារ រួមទាំងសមត្ថកិច្ច ចុះដល់ទីតាំងភ្លាមៗ ដើម្បីពិនិត្យពីផលប៉ះពាល់ ការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ពិសេសមនុស្ស ដែលទទួលរងដោយគ្រោះធម្មជាតិមួយនេះ។
លោកអភិបាលស្រុក មានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយឯកឧត្ដម តែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះមហន្តរាយធម្មជាតិ នាពេលនេះជាដើម។ ជាមួយគ្នានេះ លោកក៏បានក្រើនរលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រយ័ត្នខ្ពស់ ចំពោះភ្លៀងផ្គររន្ទះ ពិសេសបញ្ហាខ្យល់កន្ត្រាក់នេះតែម្ដង ហើយចំពោះអាកាសធាតុ ក៏មានការប្រែប្រួលខ្លាំង ស្របពេលនេះ ប្រទេសកម្ពុជាយើង កំពុងជួបនូវគ្រោះរាំងស្ងួតតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា ចំណែកនៅខេត្តប៉ៃលិន ក៏មានករណីគ្រោះរាំងស្ងួតផងដែរ នៅតាមតំបន់មួយចំនួន នៃស្រុកសាលាក្រៅ ដូច្នោះសូមបងប្អូនទាំងអស់ រក្សាឲ្យបាននូវអនាម័យស្អាត ហូបស្អាត ដើម្បីជៀសវាងនៅជំងឺតម្កាត់ផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើឃុំចំនួន២ ក្នុងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បណ្ដាលឲ្យលំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋចំនួន០៧ខ្នង ត្រូវរងការខូចខាត ក្នុងនោះមាន០២ខ្នង បានខូចខាតទាំងស្រុង និង០៥ខ្នងទៀត រងការខូចខាតមធ្យម ព្រមទាំងបាក់អង់តែងមួយដើម បាក់ដើមឈើធំៗ ដែលដាំតាមបណ្តោយផ្លូវជាតិលេខ៥៩ ជាច្រើនដើម ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ៕
Source: Kampuchea Thmey Daily
0 Comments