ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញសក្តានុពលខេត្តកំពង់ឆ្នាំងដល់អ្នកវិនិយោគបរទេស ខណៈខេត្តនេះមានផ្លូវគមនាគមន៍ទាំងបី ដែលនឹងអាចបើកដំណើរការបានគឺផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុលថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានិងកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងUNDP និងក្រុមហ៊ុនShenzhen 4PX Express ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជារួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល នាព្រឹកថ្ងៃទី១៩ ខែមីនានេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍បញ្ជាក់ថា ខេត្តកំពង់ឆ្នាំមានព្រលានយន្តហោះមានផ្លូវ ៤គន្លងឆ្លងកាត់បួនប្រាំខេត្តជាប់គ្នា រហូតដល់ជាយដែនថៃ។ កត្តាអំណោយផលនៃផ្លូវគមនាគមន៍ទាំងនេះ ជាសក្តានុពលដ៏សំខាន់ដែលអ្នកវិនិយោគអាចពិចារណាបោះទុនវិនិយោគនៅទីនោះបាន។ លោក ទេសរដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាចង់ប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវអ្វី ដែលមានក្នុងប្រទេស ដូច្នេះ«ខ្ញុំស្នើឱ្យវិស័យឯកជនពិនិត្យមើល តើអាចរៀបចំខេត្តកំពង់ឆ្នាំងទៅជាតំបន់ឡូជីស្ទីករបស់មហាអនុតំបន់មេគង្គតែម្តង»។
លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានបន្ថែមថា អ្នកវិនិយោគដែលបោះទុនវិនិយោគនៅខេត្តកំពង់ឆ្នាំង អាចពង្រីកអាជីវកម្មរបស់ខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍តែម្តង ព្រោះសេវាដឹកជញ្ជូននឹងមានគ្រប់ផ្នែកទាំងអស់ភ្ជាប់ទៅប្រទេសជិតខាង។
លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាខាងលើនេះដែរ បានសន្យាថា នឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនមកវិនិយោគវិស័យឡូជីស្ទិកនេះ នៅក្នុងប្រទេសកម្ពុជាដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាស្របពេលដែលចិនកំពុងពង្រីកគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។
យោងតាមសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងUNDPនិងក្រុមហ៊ុនShenzhen 4PX Express បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក(E-Commerce) ដើម្បីផ្តល់ភាពងាយស្រួល និងមានប្រសិទ្ធភាពដល់អតិថិជនអ្នកលក់រាយ ទីផ្សារ និងការទទួល បាន ព័ត៌មានពាណិជ្ជកម្ម។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកមានអត្ថប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិព្រមទាំងមានសក្តានុពលក្នុងការជួយលើកកម្ពស់ទីផ្សារក្នុងស្រុកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments