លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង បានលើកឡើងពីទស្សនៈរបស់ខ្លួនក្រោយប្រកួតស្វាគមន៍រដូវកាលថ្មីឆ្នាំ២០១៩ ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodina League 2019) យកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង នៅថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះ។
គ្រូបង្វឹកជនជាតិអៀកឡង់ ខាងលើបានលើកឡើងថា «សម្រាប់ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំបើសិនជារដូវកាលមុនយើងលេងបែបនេះប្រហែលជាអាចស្មើ រឺចាញ់ ដោយសារតែលេងល្អដោយពេលនិងមានកំហុសជាច្រើន។ ប៉ុន្តែទន្ទឹមនឹងកំហុសជាច្រើនរបស់យើងក៏គូប្រកួតមិនអាចបង្កើតឱកាសដ៏ល្អនោះទេ ដោយនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ក្រុមទាំងមូល»។
ក្រោយសង្កេតមើលការប្រកួតដំបូងរបស់ក្រុមគ្រូបង្វឹកខាងលើមានជំនឿចិត្តថា «ខ្ញុំគិតថាយើងសាកសមនឹងបានគ្រាប់បាល់បើសិនអាចទាត់បញ្ចូលទី។ ពេលខ្លះយើងមានកំហុសត្រង់បញ្ជូនបាល់យឺតពេក លឿនពេក ប៉ុន្តែបើយើងក្រលែកទៅមើលលទ្ធផលក្រុមដទៃក៏ដូចគ្នា។ ប្រកួតដំបូងនាដើមរដូវកាលបែបនេះគឺជារឿងធ្មមតា។ ខ្ញុំបាននិយាយរឿងប្រព័ន្ធលេងរបស់យើងជាច្រើនអំឡុងពេល Pre season មិនមែនដើម្បី cleansheet នោះទេ គឺដើម្បីដឹងពេលណាយើងត្រូវការពារបែបណា។ ជាក់ស្តែងថ្ងៃនេះកីឡាករអាចធ្វើវាបាន ពេលខ្លះយើងការពារមិនចាំបាច់ត្រូវតែប្រកួតប្រជែងយកដណ្តើមយកបាល់ ដោយគ្រាន់តែបង្កើតគម្លៀតដើម្បីចេញពីគូប្រកួត ដោយយើងធ្វើបានល្អមែនទែន»។
ទទួលបាន៣ពិន្ទុក្នុងជ័យជម្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសប្ដាហ៍ដំបូងនេះ បានរុញឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរចំណាត់ថ្នាក់លេខ២ប្រចាំតារាងពោលគឺនៅពីក្រោមក្រុមគីរីវង់សុខសែនជ័យ ដែលឈរលេខ១ ពោលគឺខុសគ្នាត្រង់គ្រាប់បាល់ចំណេញដែលទាត់ចូលទីគូប្រកួត។ សម្រាប់ប្រកួតបន្ទាប់ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដោយប៉ះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរនៅម៉ោង៣:៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments