សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ទទួលបានសិទ្ធិធ្វើជាផ្ទះក្នុងវគ្គជម្រុះពូល H ប្រចាំពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U-23 Championship 2020 សម្រាប់ឆ្នាំ២០២០ នៅចុងខែមីនា នេះខណៈគណៈកម្មការប្រកួតបានឯកភាពគ្នាកែប្រែម៉ោងប្រកួតដោយសារតែបញ្ហាអាកាសធាតុ។
ប្រភពមកពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថាដោយសារបញ្ហាអាកាសធាតុមានការប្រែប្រួល (ក្តៅខ្លាំង) ក្នុងរាជធានីភ្នំពេញ នោះកម្មវិធីប្រកួតវគ្គជម្រុះពូល H ពានរង្វាន់ AFC U-23 Championship 2020 ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនឹងត្រូវប្តូរម៉ោងប្រកួត គឺ គូទីមួយប្តូរពីម៉ោង៣និង៣០នាទីរសៀលទៅម៉ោង ៥ល្ងាច និងគូទីពីរប្រកួតពីម៉ោង៦ល្ងាចប្តូរទៅម៉ោង ៨យប់។
សូមរំលឹកថា ក្រុម U23 កម្ពុជា ដឹកនាំដោយលោក Félix Agustín González Dalmás ចាប់ដៃជាមួយអ្នកចាត់ការទូទៅ Keisuke Hondaបានប្រមូលផ្តុំកីឡាករហ្វឹកហាត់ចាប់ពីថ្ងៃច័ន្ទ សប្តាហ៍នេះតទៅ ខណៈបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយមានដូចជា ហ៊ុល គឹមហ៊ុយ,កែវ សុខសិលា,សាវែន សំណាង, ស៊ិន សុផានណាត់,អ៊ិន សុដាវីដ,ស៊ិន កក្កដា,កែវ ច័ន្ទសុភ័ក្រ, អ៊ុក សុវណ្ណ, ឃៀង ម៉េងហ័រ, សឿត បារាំង, យើ មូស្លីម,ឆេង ម៉េង,យើ សាហ្វី, អន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា, ទៀត គឹមហេង,ទេស សម្បត្តិ,សេត រ៉ស៊ីប,លី វ៉ាហេទ, ឈង់ ប៊ុនណាត, ណារ៉ុង កក្កដា, សៀង ចន្ធា និងកាន់ ពិសាល។
យោងតាមការចាប់ឆ្នោតជ្រើសរើសពូលដែលធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បញ្ជាក់ថាក្រុមកម្ពុជា ស្ថិតនៅក្នុងពូល H កម្ពុជា នឹងត្រូវជួបជាមួយក្រុមខ្លាំងៗដូចជា យុវជន U-23 អូស្ត្រាលី, កូរ៉េខាងត្បូង និង ឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 នេះម្តងហើយ ដោយកាលនោះជួបជាមួយ ចិន, ជប៉ុន និង ហ្វីលីពីន តែមិនមានឱកាសឆ្លងផុតវគ្គនេះឡើយ។
សម្រាប់ប្រកួតបើកឆាកក្រុមកម្ពុជា ត្រូវប៉ះក្រុមអូស្ត្រាលី នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩ ខណៈក្រុមកូរ៉េខាងត្បូង ជួបតៃវ៉ាន់។ នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៩ ដោយក្រុមកម្ពុជា ប៉ះកូរ៉េខាងត្បូង ហើយតៃវ៉ាន់ ជួបអូស្ត្រាលី។ ចុងក្រោយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រុមកម្ពុជា បន្តប៉ះតៃវ៉ាន់ ហើយក្រុមកូរ៉េខាងត្បូង ជួបក្រុមអូស្ត្រាលី។
ចំណែកវគ្គជម្រុះតាមពូលបឋម ក្នុងដំណើរឆ្ពោះទៅកាន់វគ្គចុងក្រោយនៅប្រទេសថៃ នាឆ្នាំ ២០២០ ខាងមុខមានពូល Aមានកាតា,អូម៉ង់,នេប៉ាល់,អាហ្វហ្គានីស្ថាន ពូល B មានប៉ាឡេស្ទីន,បារ៉ែន,បង់ក្លាដេស,ស្រីលង្កា ពូល C មានអ៊ីរ៉ាក់,អ៊ីរ៉ង់,តួរមេនីស្ថាន,យេម៉ែន ពូល D មានអារ៉ាប់ប៊ីសាអ៊ូឌីត,អារ៉ាប់រួម,លីប៉ង់,ម៉ាល់ឌីវ ពូល Eមានហ្សកដានី,ស៊ីរី,គីជីស្ថាន,គុយវ៉ែត ពូល F មានអ៊ូប៊ែគីស្ថាន,តាជីគីស្ថាន,ឥណ្ឌា,ប៉ាគីស្ថាន ពូល G មានកូរ៉េខាងជើង,ហុងកុង,សឹង្ហបុរី,ម៉ុងហ្គូលី ពូល H កូរ៉េខាងត្បូង,អូស្ត្រាលី,កម្ពុជា,តៃវ៉ាន់ ពូល I ជប៉ុន,មីយ៉ាន់ម៉ា,ទីម័រខាងកើត,ម៉ាកាវ ពូល J ម៉ាឡេស៊ី,ចិន,ឡាវ,ហ្វីលីពីន និងពូល Kមានវៀតណាម,ថៃ,ឥណ្ឌូណេស៊ីនិងប្រ៊ុយណេ។ វគ្គជម្រុះ AFC-U23 មានចំនួន១០ពូល ហើយក្រុមជម្រើសជាតិចំនួន១៥ ត្រូវឆ្លងទៅកាន់វគ្គចុងក្រោយនៅឆ្នាំ២០២០ បូកជាមួយនឹងម្ចាស់ផ្ទះថៃ។ព្រឹត្តិការណ៍ 2020 AFC-U23 ពោលគឺវគ្គចុងក្រោយនឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០៕
Source: Kampuchea Thmey Daily
0 Comments