ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសជម្រាបជូនបងប្អូនសាធារណជន មេត្តាជ្រាប បន្ទាប់ពីទទួលព័ត៌មានថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ មានកម្លាំងប្រជាការពារខណ្ឌដូនពេញចំនួន០២រូប ដែលមាន ឈ្មោះ ម៉ោញ ចាន់សារ័ត្ន និង ឈ្មោះ សូ សុផល បានជិះម៉ូតូដើរជំរិតទារលុយពីម្ចាស់រថយន្តដឹកអ្នកដំណើរចំនួន ៥០.០០០រៀល មិនបាន ក៏ប៉ះពាក្យសម្ដីបន្តិចបន្តួច ឈានដល់ការប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ សួន បូណា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៤៨៦ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាម្ចាស់រថយន្តឈ្នួល នៅចំណុចទល់មុខធនាគារ ABA សង្កាត់ស្រះចក ខណ្ឌដូនពេញ។
រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា កន្លងមក នៅទីតាំងខាងលើនេះ មានការកកស្ទះចរាចរណ៍ខ្លាំង និងបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដោយសារការចាប់ម៉ូយពពាក់ពពូនរបស់ក្រុមរថយន្តឈ្នួល ម៉ូតូកង់បី ម៉ូតូឌុបជាដើម ទើបរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងប្រជាការពារខណ្ឌ ប្រចាំការទីតាំងខាងលើនេះជាប្រចាំ ដើម្បីរៀបចំទីតាំងខាងលើឲ្យមានរបៀបរៀបរយល្អប្រសើរ។
រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បើក្នុងករណីបុគ្គលទាំង០២ខាងលើ បានធ្វើសកម្មភាពផ្ទុយពីគោលការណ៍ដឹកនាំរបស់រដ្ឋបាលខណ្ឌ ដែលរហូតឈានទៅដល់ការជំរិតទារប្រាក់ និងប្រើអំពើហិង្សាពិតប្រាកដ ដូចការចោទប្រកាន់មែននោះ រដ្ឋបាលខណ្ឌ មិនគាំទ្រទង្វើនោះឡើយ ហើយសូមសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទៅតាមនីតិវិធីច្បាប់ ដែលមានចែងជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ មានហេតុការណ៍កើតឡើងដោយសន្តិសុខមានឯកសណ្ឋានប្រជាការពារ ខណ្ឌ២នាក់ បានជិះម៉ូតូដើរជំរិតទារលុយពីរថយន្តអ្នកធ្វើដំណើរ ចំនួន៥០,០០០រៀល មិនបានក៏ប៉ះពាក្យសម្តីគ្នាបន្តិចបន្តួចឈានដល់ប្រើអំពើហិង្សា ទៅលើឈ្មោះ សួន បូណា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅផ្ទះ៤៨៦ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ សួន បូណា ជាមន្ត្រីប៉ូលិស នៅខេត្តត្បូងឃ្មុំ បានសុំច្បាប់ពីអង្គភាពរបស់ខ្លួន ដើម្បីមកមើលគ្រួសាររបស់លោកកំពុងមានជំងឺ នៅភ្នំពេញ បានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន បានពាក់កណ្តាលផ្លូវក៏មានលោកយាយ លោកតា ២នាក់ប្តីប្រពន្ធ បក់ដៃសុំឡានជិះ លោកក៏ឈប់ឡាន ឲ្យពួកគាត់រួមដំណើរជាមួយ មកដល់ម្តុំរបងស្តាតចាស់ ចម្ងាយពីរង្វង់មូលស្ពានជ្រោយចង្វា ៣០០ម៉ែត្រ ទល់មុខធនាគារ ABA លោកយាយ លោកតា សុំចុះពីលើរថយន្ត លោកយាយ លោកតា ក៏សូមអរគុណម្ចាស់រថយន្ត លោក សួន បូណា ជាមនុស្សមានគុណធម៌ ឃើញលោកយាយ លោកតាចាស់ជរាផងនោះ លោក មិនបានយកលុយកាក់ពីពួកគាត់ទេ។ ពេលនោះ លោក សួន បូណា មិនបានចុះពីលើរថយន្តរបស់លោកទេ បន្ទាប់មកមានមនុស្ស២នាក់ មានឯកសណ្ឋានជាប្រជាការពារមកឡើងអង្គុយលើរថយន្តរបស់លោក។
លោក សួន បូណា បានសួរថា មានការអ្វី ? មនុស្សដែលមានឯកសណ្ឋានប្រជាការពារនោះឆ្លើយថា មកទារលុយថ្លៃឈប់ឡានចំនួន ៥០,០០០រៀល លោក សួន បូណា ឆ្លើយថា ខ្ញុំមិនមែនអ្នករត់តាក់ស៊ីទេ ហើយក៏គ្មានលុយបង់ដែរ លោក សួន បូណា ស្នើឲ្យចុះពីលើរថយន្តរបស់គាត់ ហើយមនុស្សដែលមានឯកសណ្ឋានប្រជាការពារនោះ មានការខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅដកសោរថយន្តពីលោក និងវាយលោកមួយ ID ធ្វើឲ្យបែកសៀតផ្កាខាងស្តាំហូរឈាមស្រោចខ្លួន ពេលនោះជនដៃដល់បានយកទាំងសោឡានរត់គេចខ្លួនបាត់ នៅសល់តែបក្ខពួកម្នាក់ទៀត ដែលកំពុងអង្គុយលើម៉ូតូ លោក សួន បូណា បានយកទូរស័ព្ទដៃថតរូបពួកគេ ដើម្បីទុកជាភស្តុតាង។
បន្ទាប់ពីមានហេតុការណ៍ដូច្នេះហើយ ជនរងគ្រោះ ក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចហើយ ដើម្បីរកយុត្តិធម៌ជូនលោកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments